អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៧ខ្នង នៅក្បែរវត្តចាស់ ខណ្ឌជ្រោយចង្វារ
ភ្នំពេញ ៖ ផ្ទះប្រជាពរដ្ឋចំនួន៧ខ្នងដែលធ្វើអំពីឈើលើក្រោមថ្ម ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រេីនចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៏ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តចាស់ ក្នុងក្រុម២ ភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បេីតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលផ្ទះរបស់គាត់ជាប់និងផ្ទះឆេះមុនគេនោះ បានប្រាប់ឲ្យដឹងថា ផ្ទះរងគ្រោះធ្វើអំពីឈើប្រក់សង្ក័សី និងបេីកសិប្បកម្មធ្វើតុកទូរខណៈម្ចាស់ផ្ទះមិននៅហេីយចាក់សោរចោល ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ពេលនោះប្រជាពលរដ្ឋឃើញដូច្នេះក៏ប្រញាប់ប្រញាលនាំគ្នារត់ចេញ និងខ្លះក៏បានប្រមូលសម្ភារៈបន្តិចបន្ទួចចេញមកជាមួយផងដែរ ទេីបរាលដាលដល់ផ្ទះជាប់គ្នាជាបន្តបន្ទាប់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង តែអ្វីដែលគួរឲ្យសោកស្ដាយនោះផ្ទះប្រជាពលរដ្ឋត្រូវបានគ្រោះអគ្គីភ័យលេបត្របាក់ទាំងស្រុងទៅហេីយ ។
ក្នុងករណីគ្រោះអគ្គីភ័យខាងលេីនេះគឺមិនមានអ្នកណាបាត់បង់ជីវិតនោះទេ ដោយសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ័យនេះផ្ដើមចេញពីឆ្លងចរន្តអគ្គីសនី និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៧គ្រឿងផងដែរ ៕