ក្រុមមហាហង្សឈ្នះពានដល់ទៅ៥ក្នុងចំណោមពាន៦ នៃជើងឯកថ្នាក់ជាតិហ៊្វុសាលប្រចាំឆ្នាំ២០២០
(ភ្នំពេញ )៖ ខ្ញុំនឹកស្មានមិនដល់ថា ក្រុមបាល់ទាត់មហាហង្សអលស្តាមានសមត្ថភាពខ្ពស់រហូតឈ្នះបានពាន៥ក្នុងចំណោមពានសរុបចំនួន៦នៃព្រឹត្តិការណ៍បាល់ទាត់ហ៊្វុតសាលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០បែបនេះឡើយ ។ នេះជាការថ្លែងរបស់លោក អ៊ិន សុភិន ស្ថានិក ក្រុមបាល់មហាហង្សអលស្តា ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ហ៊្វុតសាលជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១ ។ លោកថា ការដណ្ដើមបានពាន៥ក្នុងចំណាមពានចំនួន៦នៃព្រឹត្តិការណ៍ដ៏ធំបែបនេះគឺជាមហាកិត្តិយសនិងមោទនភាពខ្លាំងណាស់ ពីព្រោះក្នុងការប្រកួតនេះក្រុមមហាហង្សអាចបង្កើតឯកត្តកម្មថ្មី ដែលមិនទាន់មានក្រុមណាអាចធ្វើបានកន្លងមកនោះឡើយ ។
ស្ថាបនិករូបនេះបន្តថា ការឈ្នះបានជ័យលាភីជើងឯក និងប្រាក់រង្វាន់ព្រមទាំងពានផ្សេងៗ គឺសុទ្ធតែមានតម្លៃដូចគ្នា តែអ្វីដែលលោកមានមោទនភាពជាងគេ បំផុតគឺការទទួលបានពាន Fair Play ព្រោះជាពានដែលលើកកិត្តិយសមុខមាត់លុបលាងពាក្យចចាមអារ៉ាម ដែលវាយប្រហារតាមរយៈសារព័ត៌មានខ្លះចុះផ្សាយបង្ខូចកេរ្តិ៍ឈ្មោះថា ក្រុមបាល់ទាត់មហាហង្ស បង្កជម្លោះឬក៏តែងប្រើហឹង្សាពេលប្រកួតជាដើម ។ ឥឡូវពានមួយនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបាល់ទាត់ មហាហង្ស គឺជាក្រុមដែលល្អ មិនមានបញ្ហាដូចការចោទប្រកាន់កន្លងមកនោះទេ ព្រោះថាមុនទទួលបានពាននេះ គឺត្រូវបានគណៈកម្មាការពិនិត្យនិងដាក់ពិន្ទុយ៉ាងសុក្រឹត ។
ទោះបីជាយ៉ាងនេះក្ដី ក៏លោក អ៊ិន សុភិន មិនមានមោទនភាពហួសហេតុភ្លេចការបង្វឹកបង្ហាត់កូនក្រុមនោះដែរ ពីព្រោះក្រុមមួយនេះនឹងត្រូវបន្តបេសកកម្មត្រៀមខ្លួនតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិនានាក្នុងពេលខាងមុខ គ្រាន់តែមិនទាន់ដឹងពេលវេលានៃចេញដំណើរច្បាស់លាស់នៅឡើយ ដោយសារតែពេលនេះនៅលើសកលលោកកំពុងមានបញ្ហាកូវីដ -១៩ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាល TIGER ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ បានបញ្ចប់ការប្រកួតជាស្ថាពរនៅល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១ហើយនៅមជ្ឈមណ្ឌលកីឡា ដឹប្លូស្ព័តអារីណា ដោយក្រុមបាល់ទាត់មហាហង្ស អលស្តារ FC ជាជើងឯក បន្ទាប់ពីក្រុមមួយនេះបានយកឈ្នះក្រុម ឪម៉ាល់ FC នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល 9ទល់4 ។ ខណៈដែលក្រុមបាល់ទាត់ Loading FC លេខ៣ និង ក្រុមបាល់ទាត់ Tai Chi FT លេខ៤ ។ ជ័យលាភីមិនធ្លាប់មានសម្រាប់ក្រុមបាល់ទាត់មហាហង្ស គឺទទួលបានពានចំនួន៥ដូចជា៖ ពានរង្វាន់ ជើងឯក , ពាន Fair play ក្រុមដែលលេងបានល្អជាងគេ, ពានកីឡាករឆ្នើម , ពានអ្នកចាំទីឆ្នើម និងពានចុងក្រោយគឺពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំព្រឹត្តិការណ៍ ៕