Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចំជាស៊យមែន! មកមើលបងប្អូនឈឺនៅពេទ្យរុស្ស៊ី ​ ស្រាប់តែត្រូវក្រុមចោរឆក់កាបូបលុយបានសម្រេចនៅផ្លូវមុន្នីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យ២​.!

ភ្នំពេញ​៖​ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច​ដែលមានទឹកប្រាក់២០០$ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅមុខសាលាស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ស្ត្រីរងគ្រោះមានឈ្មោះ​ មុំ​ ធីតា​ អាយុ៣៩ឆ្នាំ​ មុខរបបកម្មការនីរោងចក្រ​ ស្នាក់នៅភូមិថ្មគោល២​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​។

តាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សារព័ត៌មានឲ្យដឹងថា​ មុនពេលកើតហេតុ​រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៥​ ចេញពីធ្វើការរោងចក្រនៅម្ដុំផ្លូវសេះសរ​ សង្កាត់ស្ទឹងមានជ័យ៣ដើម្បីមកមន្ទីរពេទ្យរុស្ស៊ីមើលបងប្អូនកំពុងសម្រាកព្យាបាលជម្ងឺ​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក​ បានឌុបគ្នាមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់បានសម្រេច​ រួចជិះម៉ូតូឌុបគ្នាគេចខ្លួនដោយសុវត្តិភាព​ ។

​ក្រោយកេីតហេតុភ្លាមៗ​ ស្ត្រីរងគ្រោះខាងលើបានបន្តដំណើរមកខាងក្រោមស្ពានស្ទឹងមានជ័យ​ ដើម្បីរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍​ ហេីយពេលនោះក៏មានបងប្អូនអ្នកសារព័ត៌មានជួយប្រាប់ទីតាំង​ប៉ុស្ដិ៍មូលដ្ឋាន និងនាំទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២​ ដាក់ពាក្យបណ្ដឹង​ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ​ចាប់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕