Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោកស្នងការ ស ថេត នឹងចាត់ការចំពោះជនទាំងឡាយណា ដែលអុកឡុក និង បង្កបញ្ហា នៅគោលដៅធ្វើចត្តាឡីស័ក.!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា ក្នុងករណីមានអ្នកអុកឡុក ឬ បង្កបញ្ហាមិនស្តាប់តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ។ ចំពោះជនបរទេសដែលបង្កបញ្ហា នឹងចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសុំគោលការណ៍ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា ។

វិធានការបន្ទាន់ នេះ គឺ អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោកស្នងការ ថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីផ្សព្វផ្សាយ និង បែងចែកកម្លាំងប្រចាំកា រតាមគោលដៅព្យាបាល និង គោលដៅកំពុងធ្វើចត្តាឡីស័ក ។

លោក ស ថេត បញ្ជាអោយកងកម្លាំងទាំងអស់ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អនៅតាមគ្រប់ទីតាំងទាំងអស់ ។

ម្យ៉ាងវិញទៀតកម្លាំងទាំងអស់ដែលប្រចាំការតាមគោលដៅត្រូវតែចូលរួមបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ផងដែរ ៕