ជិះម៉ូតូមិនប្រយត្ន័ជ្រុលទៅបុករថយន្តខ្ទាតចូលក្រោម កង់រថយន្តកិនបែកក្បាលស្លាប់គួរឲ្យសង្វេក
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកមេ សុីម៉ង់កិន បែកក្បាលស្លាប់យ៉ាងអាណោចអធម៌ បន្ទាប់ពីបុរសរង គ្រោះជិះម៉ូតូចេញពីទិញម្ហូបហើយឆ្លងផ្លូវមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកមេសុីម៉ង់ពីចហៀង ហើយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបប ចុងភៅ មានស្រុកកំណើតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកVIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2111 ។ ចំណែកតៃកុងរថយន្តបង្កមាន ឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបបើកបររថយន្ត រស់នៅភូមិត្រាំក្បាល ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ។ បើកបររថយន្តម៉ាកRHINO ពណ៌ក្រហម ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-6306 ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីទិញម្ហូប បានធ្វើដំណើរតាមផ្លូវព្រៃសរ ហើយឆ្លងទៅផ្លូវជាតិលេខ៣បំរុងទៅទិសខាងត្បូង ស្របពេលនោះក៏មានរថយន្តដឹកមេសុីម៉ងបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយក៏ត្រូវជនរងគ្រោះជិះម៉ូតូបុករថយន្តពីចហៀង បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ រីឯម៉ូតូខូចខាតតិចតួត ។
ក្រោយកើតហេតុ រថយន្តដឹកមេសុីម៉ងមិនព្រមឈប់នៅកន្លែងកើតហេតុនោះទេ ដោយព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចដែលនៅក្បែរនោះបាន ដេញតាមឃាត់បានទាំងរថយន្តនិងតៃកុងបន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ ហេតុរួចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕