សមត្ថកិច្ចចុះបិតទីតាំងលួចលាក់បេីកKTVក្នុងរាជធានីចំនួន២កន្លែងបន្ថែមទៀត និងឃាត់ខ្លួនប្រុសស្រីជិត៣០នាក់
ភ្នំពេញ ៖ ដោយអនុវត្តទៅតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេ(KTV)បំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទើបនៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយសមត្ថកិច្ចខណ្ឌដូនពេញ រួមនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វេីការបង្ក្រាបទីតាំងលួចបេីកខារ៉ាអូខេចំនួន២កន្លែង ឃាត់ខ្លួនប្រុសស្រីបានជិត៣០នាក់បន្ថែមទៀត ។
ក្នុងប្រតិបត្តិការដែលសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបចំនួន២ទីតាំងខាងលេីរួមមាន ៖ ទី១ នៅភោជនីយដ្ឋាន (ខារ៉ាអូខេ )យីយោ HAT VOL NHAU 007 បានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ ធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ និងទី២ នៅភោជនីយដ្ឋាន ពិភពតារ៉ារះ (លួចលាក់បេីកKTV ) តាមបណ្ដោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បានឃាត់មនុស្សប្រុសស្រីចំនួន១៥នាក់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការរួចរាល់ មនុស្សប្រុសស្រីសរុបចំនួន២៥នាក់ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
គួរបញ្ចាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវី-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សព ត្រូវបាន រកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៕