មាតាមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្តដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ចំនួន១០លានរៀល
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក និងបន្តដល់ពេលពេញវ័យផង និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។
យ៉ាងណាម៉ិញ បន្ទាប់ពីបានឃេីញករណីលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានបំបៅកូននៅតុការងារតាមផ្លូវក្នុងពេលបំពេញការងារផងនោះ នៅថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមាបន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដេីម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕