រលំទ្វារវត្តទឹកថ្លាសង្កត់លើស្ត្រីម្នាក់បែកក្បាលស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ
ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរម្នាក់បានបែកក្បាលស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីដើរមកបើកទ្វារវត្តឲ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូល ស្រាប់តែដួលរលំទ្វារសង្កត់ពីលើពេញទំហឹង
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជាបុគ្គលិកវេចខ្ចប់សាកសព។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿង ពាក់ផ្លាក លេខភ្នំពេញ1IP.2901មកឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លានៅចំណុចទីតាំងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៍ឃើញស្ត្រីជាជនរងគ្រោះបានដើរចេញពីក្នុងវត្តមក បើកទ្វារដើម្បីឲ្យបុរសជនជាតិបរទេសជិះម៉ូតូចូល។ ប្រភពដដែលបានបន្តទៀតថា លុះបើកទ្វាររួចហើយស្ត្រីរងគ្រោះខាងលើនឹងបុរសជនបរទេសមិនទាន់នាំគ្នាចូលក្នុងវត្តនោះទេ។ដោយអង្គុយនិយាយលេងមួយសន្ទុះ ក្រោយមកស្ត្រីជាជនរងគ្រោះនឹងបុរសជនជាតិបរទេសខាងលើមិនដឹងនិយាយគ្នាពីអ្វីនោះទេដោយ ស្ត្រីរងគ្រោះបានដើរចូលទៅក្នុងវិញរួចក៏ទាញទ្វារ បិត ស្រាប់តែដួលរលំសង្កត់ពីលើពេញទំហឹងបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ ភ្លាមៗក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាចូលទៅជួយលើកទ្វារចេញ ដើម្បីយកជនរងគ្រោះបញ្ជូនតាម រថយន្តទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យតែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបាន ដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ ។ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ ប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕