ប្រយ័ត្នទិញចំផ្ទះខ្យល់! មេធាវីជនរងគ្រោះប្ដឹងទៅអាជ្ញាធរ ឲ្យទប់ស្កាត់សំណង់ខុសច្បាប់ បុរី អ៊េមឺរ៉លដ៏ ស៊ីធី
(កណ្ដាល)៖ លោក ជីប ចណ្ណារិទ្ធិ មេធាវីការពារសិទ្ធិឲ្យម្ចាស់ដី និងជាជនរងគ្រោះឈ្មោះ ជៃ ហូមីង (ជនជាតិចិន) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាច ឲ្យទប់ស្កាត់សកម្មភាពសាងសង់សំណង់ខុសច្បាប់របស់ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូ ម៉ែត្រ លេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មេធាវីតំណាងជនរងគ្រោះម្ចាស់ដីបានបញ្ជាក់ក្នុងលិខិតថា កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានក្រុមជនខិលខូចមួយក្រុមបានលួចធ្វើសកម្មភាពបុកគ្រឹះធ្វើសំណង់ផ្ទះល្វែងខុសច្បាប់ នៅលើដីកម្មសិទ្ធិរបស់ខ្លួន ខណៈដែលជនរងគ្រោះកំពុង ស្នាក់នៅប្រទេសចិនជាបណ្ដោះអាសន្នដោយសារបញ្ហាជំងឺកូវីដ-១៩។
លិខិតដដែល បន្ថែមថា សកម្មភាពលួចបុក គ្រឹះធ្វើសំណង់ផ្ទះល្វែងខុសច្បាប់ នៅលើដីកម្មសិទ្ធិរបស់ជនរងគ្រោះ គឺមានលោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ជាអ្នកដឹកនាំដោយបំពានច្បាប់។
មេធាវីដំណាងឲ្យជនរងគ្រោះ បានសំណូមពរឲ្យអាជ្ញាធរ មានសមត្ថិកិច្ច ចុះទប់ស្កាត់ និងវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
លោកមេធាវី ជីប ចណ្ណារិទ្ធិ បានសង្កត់ធ្ងន់ៗថា កូនក្តីលោកមិនសុខចិត្តចំពោះ សកម្មភាពខុសច្បាប់របស់លោក កែវ មុនីរតន៍ នោះឡើយ ហើយក៏នឹងដាក់ពាក្យបណ្តឹង ប្រឆាំងសកម្មភាពខុសច្បាប់នេះរហូតដល់ទីបញ្ចប់។
លោកមេធាវីសង្ឃឹមថា ភាពយុត្តិធម៌ ភាពត្រឹមត្រូវ ដែលស្របច្បាប់ ត្រូវបានផ្តល់ជូនកូនក្ដីរបស់លោក ដែលជាជនរងគ្រោះដោយសារទង្វើរបស់បុគ្គលឈ្មោះ កែវ មុនីរតន៍
លោកមេធាវី ការពារសិទ្ធិឲ្យជនរងគ្រោះ សម្ដែងក្ដីបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយដោយភូតកុហករបស់ក្រុមហ៊ុនខាងលើ ដែលព្យាយាមអូសទាញអតិថិជន ឲ្យកក់ប្រាក់ទិញផ្ទះខ្យល់ ដែលពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់កូនក្តីលោក។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក កែវ មុនីរតន៍ ដែលជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ ម្ដងរួចទៅហើយ៕