ព្រះរាជអាជ្ញារង ហុង គឹមសាន ដោះលែងមនុស្ស ១៨នាក់ដែលជុំគ្នាលែងល្បែងប្រឆាំងវិធានការ ៣កុំ ៣ការពាររបស់ សម្ដេចតេជោ
(ភ្នំពេញ)៖ បើទោះជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឲ្យតុលាការត្រៀមកាត់ទោសក្រុមប្រឆាំងវិធានការប្រឆាំងកូវីដ ៣កុំ៣ការពារ ក៏ដោយចុះ ក៏លោក ហុង គឹមសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំបានយកចិត្តទុកដាក់គោរពអនុវត្តតាមឡើយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដែលខំចុះអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លោកព្រះរាជអាជ្ញាង ហុង គឹមសាន បានសម្រេចដោះលែងក្រុមអ្នកបើកលេងល្បែងភ្នាល់ស៊ីសងចំនួន ១៨នាក់ដែលអាជ្ញាធរខណ្ឌដូនពេញ បានចុះបង្ក្រាប និងបញ្ជូនមកកាន់តុលាការ ឲ្យចាត់ការតាមច្បាប់។
សូមជម្រាបជូនថា ដើម្បីប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅវិធានការ ៣កុំ (កុំចូលកន្លែងបិទជិត, កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា) និង ៣ការពារ(ពាក់ម៉ាស, រក្សាគម្លាត និងលាងដៃជាមួយអាល់កុល) ប៉ុន្តែក្រុមភ្នាក់ងារល្បែងស៊ីសងខាងលើ បានលបលួចបើកដំណើរការល្បែងស៊ីសងប្រភេទជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង ដែលមានមនុស្សចូលទៅលេងរាប់សិបនាក់មិនគោរពការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខដឹកនាំកម្ពុជានោះទេ ទើបត្រូវអាជ្ញាធរចុះបង្ក្រាប និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
អ្វីដែលគួរឲ្យសោកស្ដាយគឺក្រុមមនុស្សដែលមិនគោរពច្បាប់ទាំងអស់នោះ ត្រូវមានសេរីភាពវិញដោយសារលោកព្រះរាជអាជ្ញារង ហុង គឹមសាន រកកំហុសមិនឃើញ និងសម្រេចដោះលែងវិញ។
គួររម្លឹកថា កម្លាំងចំរុះរបស់ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានចុះបង្រ្កាបទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់ ខាងក្រោយអគ្គិសនីកម្ពុជា ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៣២នាក់ ម៉ូតូ ១៤គ្រឿង និងវត្ថុតាងមួយចំនួនធំ៕