អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី,ខណះប្រកាសចូលកាន់តំណែងថ្មីអភិបាលខណ្ឌ២
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។
ការជំរុញបែបនេះរបស់លោកឃួង ស្រេង លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១
ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ក្នុងពីធីនោះ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ។ចំណែក លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកវិញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី ។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។
លោកបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។
លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសនិងទប់ស្កាត់បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបាន
នូវការហ៊ាចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។
ជាងនេះទៀត លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងពីរ
អនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យនៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នា
ឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។
លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សូកែវថ្មីក្នុងឱកាសនោះក៏បានធ្វើការប្តេជ្ញាចិត្ត ដោយគាំទ្រសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ,សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញការងារនិងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវអោយបានរីកចំរើនមួយកម្រិតថែមទៀត ៕