Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ចាប់ខ្លួនប្ដីប្រពន្ធ ២នាក់យកទៅដាក់គុកតាមដីការបស់តុលាការ រឿងឆបោកប្រាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះបានចាប់ និងបញ្ជូន ប្ដីប្រពន្ធ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់។

បើតាមសមត្ថកិច្ច ជនជាប់ចោទទី១មានឈ្មោះ សេង ណាំ ភេទស្រី អាយុ ៥៣ឆ្នាំ ជាប្រពន្ធ និងទី២មានឈ្មោះ អឿន គា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាប្ដី ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួន របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។

ការចាប់ខ្លួនធ្វើឡើងតាមអំណាចសាលក្រម នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសជនជាប់ចោទឈ្មោះ សេង ណាំ និងឈ្មោះ អឿន គា ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅរសៀលនេះជនជាប់ចោទទាំង ២នាក់ប្ដីប្រពន្ធ កំពុងស្ថិតនៅក្រោមចំណាត់ការរបស់តុលាការ ដើម្បីសម្រេចបញ្ជូនទៅដាក់គុកតាមនីតិវិធី៕