Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញនិងកន្លែងលក់ តាមបណ្ដាខេត្តនានា យ៉ាងសកម្មបន្ទាប់ពីបញ្ជារបស់សម្ដេចតេជោនិងសម្ដេចគតិបណ្ឌិត និងបានបញ្ចេញសារមួយនេះ

តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត ១០០ តោន។ នេះបើតាមការលើកឡើងលើទំព័រហ្វេសបុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែកញ្ញានេះ។

អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ថ្លែងថា៖ “បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះ កម្លាំងអង្គរក្សនិងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះ ជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន”។

បើតាមអ្នកឧកញ៉ា នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។

អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះ បញ្ជាក់ថា៖ “ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញការសាមគ្គីដ៏រឹងមាំរបស់សប្បុរសជនប្រជាជាតិខ្មែរយើង ដែលបានគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាលនឹងប្រជាជនយើងឡើយ”។

សូមបញ្ជាក់ថា ការប្រកាសប្រមូលទិញទៅដល់ចំការ និងចាត់ចែងចុះលក់ផ្ទាល់ដៃទៀតនេះរបស់អ្នកឧកញ៉ា គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកបគតិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលលោកទាំងពីរតែងតែចេញមុខជួយ និងផ្តល់ភាពកត់ក្តៅជូនប្រជាជន។ លើសពីនេះទៀតសោត សកម្មភាពមនុស្សធម៌នេះសរបញ្ជាក់ឲ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕