ស្ត្រីចំណាស់គាំងបេះដូងដេកស្លាប់សមត្ថកិច្ចសង្ស័យកូនបង្កើតសម្លាប់ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ
ភ្នំពេញ៖ អ្នកភូមិនាំគ្នាការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្ដិ៍ ដោយសង្ស័យថាបានសម្លាប់ម្ដាយ បង្កើតរបស់ខ្លួន ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៥០នាទីព្រលប់ថ្ងៃទី២០កញ្ញាឆ្នាំ២០១៨ស្ថិតក្នុងភូមិព្រៃកី(ខ)សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសដែលសមត្ថកិច្ចសង្ស័យថាបានសម្លាប់ម្ដាយខ្លួន មានឈ្មោះ ពិន ខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរប នៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ចំណែក សពជនរងគ្រោះមានឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ ៦៣ មុខរបរ (នៅផ្ទះ) ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើយោងតាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខ មាន អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០៦និង៣០នាទីព្រលប់ពេលនាងមកពីធ្វើការវិញមកដល់ឃើញផ្ទះបិទភ្លើងងងិតឈឹងចំណែកទ្វាបើកចំហរ ឃើញដូច្នោះនាងក៏ដើរទៅបើក ភ្លើងនៅមុខផ្ទះ និង ខាងក្នុងផ្ទះ រួចនាងហៅម្តាយតែ ម្តាយមិនឆ្លើយតប រួចនាងក៏យកដៃទាញម្តាយស្រាប់ តែឃើញម្តាយនាងស្លាប់រឹងខ្លួនបាត់ទៅហើយដោយ មានឈាមនៅតាមភ្នែក ត្រចៀក និង ករ ដោយមាន ស្រមោចរោមខាំត្រង់របួស ចំណែកបងប្រុសរបស់នាង(ដែលជាជនសង្ស័យ )បានដេកលក់នៅលើគ្រែក្នុងផ្ទះជាប់ទ្វា ភ្លាមៗនាងបានរត់ចេញក្រៅ ហើយបានហៅ អ្នកជិតខាងអោយមកជួយ និង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់រួចបានឃាត់ខ្លួនបុរសជាកូនបង្កើតយកមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលពងទឹកដោយ សង្ស័យថាបានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន ។
ក្រោយមកក៏បានដោះលែងឲ្យទៅផ្ទះវិញបន្ទាប់ពី សមត្ថកិច្ចជំនាញនិង វិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរួចបានសន្និដ្ឋាននិង បញ្ជាក់ថាជនរងគ្រោះគឺស្លាប់ដោយសារ គាំងបេះដូង ( អាចបណ្តាលមកពីជម្ងឺលើសឈាម និង ជម្ងឺថ្លើម ) មិនមែនជាករណីឃាតកម្ម ដែលកូនសម្លាប់ម្ដាយនោះទេ ។ ចំណែកស្លាកស្នាមនៅលើដងខ្លួនគឺត្រូវស្រមោចខាំពេលដែលគាត់ដេកស្លាប់ និងដោយយោងតាមការបំភ្លឺរបស់កូនស្រីឈ្មោះ ឡុង សុខមាន ថាកន្លងមកម្តាយរបស់គាត់មានជម្ងឺលើសឈាម និង ជម្ងឺថ្លើម រយៈពេល០៤ឆ្នាំហើយ រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕