គ្រឿងញៀនជាងកន្លះគីឡូ! តុលាការដាក់គុកជនល្មើសជាម្ចាស់ថ្នាំត្រឹម ២ឆ្នាំ ចំណែកអ្នកពាក់ព័ន្ធពីដាក់ ៣ ទៅ៥ឆ្នាំ
(ភ្នំពេញ)៖ ទំនងជាសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ពុំសាទរឡើយ ទើបសំណុំរឿងដ៏ក្តៅគគុកមួយនេះត្រូវបានគេលួចបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយ បញ្ជូនសារជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជ្រាប។
តើសំណុំរឿងនេះអាចនឹងមានភាពមិនប្រក្រតីដែរឬទេ? នេះជាសំនួរដែលអ្នកសារព័ត៌មានទទួលបានពីមន្ត្រីជំនាញខាងបង្ក្រាបគ្រឿងញៀន។
តើមានរឿងអ្វីទៅដែលធ្វើឱ្យសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការរាជធានីភ្នំពេញ មិនអស់ចិត្ត និងនាំគ្នាងឿងឆ្ងល់?
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោកព្រះរាជអាជ្ញារង ហេង ផេង ជាតំណាងអយ្យការ បានបើកសវនាការកាត់ទោសជនជាប់ចោទចំនួន ៤នាក់ ពាក់ព័ន្ធសំណុំរឿង ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ចំនួនជាងកន្លះគីឡូក្រាម។
អ្វីដែលសមត្ថកិច្ច ខកចិត្តគឺនៅថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២១ នៅពេលប្រាសសាលក្រម តុលាការបានផ្តន្ទាទោសម្ចាស់គ្រឿងញៀនជាងកន្លះគីឡូក្រាមដាក់គុកត្រឹមតែ ២ឆ្នាំ ចំណែកអ្នករត់តាក់ស៊ីដែលទទួលបញ្ញើយកកម្រៃបែរជាត្រូវជាប់គុក ៣ឆ្នាំ ហើយដែលគេប្រើឱ្យទៅទទួលគ្រឿងញៀនពីតាក់ស៊ី និងអ្នកចែកចាយបន្តម្នាក់ទៀតត្រូវជាប់គុក ៥ឆ្នាំ។
ជនជាប់ចោទក្នុងសំណុំរឿងធំ ដែលសមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបផ្អើល ៣រាជធានីខេត្ត (រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តតាកែវ) មួយនេះមានជនជាប់ចោទចំនួន ៥នាក់ ប៉ុន្តែមានម្នាក់រត់គេចខ្លួនបាត់។
ជនជាប់ចោទទី១ឈ្មោះ កុត សារេង (ជាអ្នកទទួលបញ្ញើយកកម្រៃ) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវតុលាការផ្តន្ទាទោសដាក់គុករយៈពេល ៣ឆ្នាំ។
ជនជាប់ចោទទី២ ឈ្មោះ ចាន់ សុភ័ក្រ (ជាអ្នកដែលគេប្រើឱ្យទៅយកគ្រឿងញៀនពីឡានតាក់ស៊ីរបស់ឈ្មោះ កុត សារេង) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប៉្រក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវតុលាការផ្តន្ទាទោសដាក់គុករយៈពេល ៥ឆ្នាំ។
ជនជាប់ចោទទី៣ ឈ្មោះ ស៊ឹម សេរី (ជាអ្នកប្រើឈ្មោះ ចាន់ សុភ័ក្រ ឱ្យទៅយកគ្រឿងញៀនពីឡានតាក់ស៊ី របស់ឈ្មោះ កុត សារេង និងជាអ្នកចែកចាយគ្រឿងញៀន) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវតុលាការផ្តន្ទាទោសដាក់គុករយៈពេល ៥ឆ្នាំ។
ចំណែកជនជាប់ចោទទី៤ឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហេង សារិន មេក្លោងជួញដូរគ្រឿងញៀនបែរជា ត្រូវតុលាការផ្តន្ទាទោសដាក់គុករយៈពេលត្រឹមតែ ២ឆ្នាំ ខណៈជនជាប់ចោទជាប្តីដែលកំពុងរត់គេចខ្លួនត្រូវតុលាការផ្តន្ទាទោសដាក់គុកដោយកំបាំងមុខចំនួន ៣០ឆ្នាំ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់សាលាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៤៧៥ អ.យ.ន ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចចោទប្រកាន់លើឈ្មោះ ហេង សុខឃីម , ឈ្មោះ ស៊ឹម សេរី និងឈ្មោះ ចាន់ សុភ័ក្រ ពីបទ ជួញដូរដោយខុសច្បាប់នៅសារធាតុញៀនយោងតាមមាត្រា ៤០នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន ដូចគ្នា ប៉ុន្តែហេតុអ្វីបានជាវាសនាក្នុងការទទួលទណ្ឌកម្មជាប់គុកម្ចាស់គ្រឿងញៀនតិចជាងអ្នកទៅទទួល និងអ្នកចែកចាយតួចតាច? នេះជាអ្វីដែលសមត្ថកិច្ចជំនាញនាំគ្នាចោទសួរ។
សូមបញ្ជាក់ជូនថា សំណុំរឿងគ្រឿងញៀនមួយនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណាយពេល ៣ថ្ងៃ (ថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០) ក្នុងការបើកប្រតិបត្តិការបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តតាកែវ ទើបប្រមូលក្នុងជនពាល និងវត្ថុតាងបានយ៉ាងច្រើន ប៉ុន្តែគួរឱ្យសោកស្តាយដែលក្រុមជនល្មើសជាពិសេសម្ចាស់គ្រឿងញៀនជាងកន្លះគីឡូក្រម ត្រូវទទួលបានក្តីអាណិតអាសូរប្រកបដោយព្រហ្មវិធម៌យ៉ាងខ្លាំងពីតុលាការ។
គួររម្លឹកថា នៅថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនឈ្មោះ កុត សារេង ។ នៅចំពោះមុខសមត្ថកិច្ចជននេះបានសារភាពថា នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកគូស ខ្លួនបានទទួលបញ្ញើជាកេសក្រដាសមួយបិទជិត ពីបរុសមិនស្គាល់ឈ្មោះវ័យប្រហែល ៣០ឆ្នាំ មានលេខទូរស័ព្ទ ០៩៦ ៥៨០ ៩៨២៦ ដោយមិនដឹងថាជាគ្រឿងញៀន ។ លុះមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ទម្ងន់ ៩៤,១៣ក្រាមពីក្នុងកេសក្រដាសនោះ។
ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្រ បានសារភាពថា ឈ្មោះ ស៊ឹម សេរី ជាអ្នកប្រើខ្លួនឱ្យទៅយកកេសក្រដាស (គ្រឿងញៀន) ពីឡានរបស់ឈ្មោះ កុត សារេង ដែលគេផ្ញើមកពីខេត្តកំពត។
ចំណែកឈ្មោះ ស៊ឹម សេរី ឆ្លើយថាខ្លួនពិតជាបានប្រើឈ្មោះ ចាន់ សុភ័ក្រ ឱ្យទៅទទួលទំនិញដាក់ក្នុងកេសក្រដាសពីឡានតាក់ស៊ី របស់ឈ្មោះ កុត សារេង ប្រាកដមែន។ ជននេះបន្តថា ខ្លួនបានទិញគ្រឿងញៀន ពីឈ្មោះ ហេង សារិន (កំពុងរត់គេចខ្លួន) ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ខេត្តតាកែវ ដើម្បីយកទៅចែកចាយបន្តជាច្រើនលើកមកហើយ។
ជនជាប់ចោទឈ្មោះ ហេង សុខឃីម បើទោះជាសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្រឿងញៀនជាងកន្លះគីឡូក្រាមក៏ដោយ ក៏ជននេះបានព្យាយាមឆ្លើយយករួចខ្លួន និងបដិសេធថា ខ្លួនមិនដឹងរឿងអ្វីទាំងអស់ គឺប្តីខ្លួនជាអ្នកជួញដូរគ្រឿងញៀនតែម្នាក់ឯងប៉ុណ្ណោះ។
ទំនងជាសម្តី បដិសេធខាងលើនេះ គួរឱ្យទុកចិត្តបាន ជាងការពិនិត្យមើលលើវត្ថុតាង ហើយមើលទៅនោះ ទើបតុលាការសម្រេចផ្តន្ទាទោសដាក់គុកឈ្មោះ ហេង សុខឃីម ត្រឹមតែ ២ឆ្នាំ។ នេះជាការលើកឡងរបស់សមត្ថកិច្ច។
យោងតាមមាត្រា ៤០នៃការត្រួតពិនិត្យគ្រឿងញៀន ចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ឆ្នាំ ទៅ៣០ឆ្នាំ ឬមួយជីវិត ក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្រោមស្ថានភាព គ្រឿងញៀនប្រភេពមេតំហ្វេតាមីន មានបរិមាណធាតុសុទ្ធចំនួន ២៤០ក្រាមឡើងទៅ។
ដើម្បីទប់ស្កាត់ និងឈានដល់ការលុបបំបាត់បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រមុខដឹកនាំ រហូតមកដល់ពេលនេះ បានយុទ្ធនាការទី៥ហើយ ដើម្បីប្រឆាំងការជួញដូរគ្រឿងញៀន។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ធ្លាប់លើកឡើងផងដែរ ដោយអំពាវនាវឱ្យតុលាការ និងក្រសួងយុត្តិធម៌យកចិត្តទុកដាក់ និងពិនិត្យឱ្យមែនទែនចំពោះបទល្មើសគ្រឿងញៀន ព្រោះតែសមត្ថកិច្ច ចាប់មេក្លោងជួញដូរគ្រឿងញៀនមុខដដែលច្រើនដងពេក៕