Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត

(ភ្នំពេញ)៖ ជនរងគ្រោះឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ ៣៧ឆ្នាំ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ១ម៉ឺនដុល្លារ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលដាក់ជូនឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឲ្យជួយរកយុត្តិធម៌ ដោយសារតែលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD បានឆបោកប្រាក់របស់ខ្លួនចំនួន ១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍គម្រោង ឌឺសាគូរ៉ាផាក ឡេន ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

ពាក្យបណ្ដឹងរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ បានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតនៅក្នុងគម្រោងឌីសាគូរ៉ាផាក ដីឡូតិ៍លេខF3 មានទំហំ ៨០០ម៉ែត្រការ៉េ តំលៃលក់សរុបគឺ ២៤,០០០ ដុល្លារ និងបានកក់ប្រាក់ចំនួន ១០,០០០ដុល្លារ។

ដោយសារតែទីតាំងដីឡូតិ៍F3ខាងលើនោះ ស្ថិតនៅជិតចំណតឡាន និងមានភាពអ៊ូអរពេក ដោយជនរងគ្រោះចង់ធ្វើផ្ទះលំហែរ និងមិនចង់អ៊ូអរ ទើបជនរងគ្រោះស្នើសុំក្រុមហ៊ុនប្តូរទីតាំងដី ទៅកន្លែងផ្សេងដែលមានទំហំធំជាងមុន និងស្ថិតនៅទីតាំងខាងក្រោយគេ និងឯកភាព បង់ប្រាក់តាមទំហំ ដែលធំជាងតាមរយៈការចរចារពីបុគ្គលិកក្រុមហ៊ុនផ្នែកលក់ឈ្មោះ ហាក់ ចាន់ថេង និងឈ្មោះ ឡុក ម៉េងឡុង។

ដីឡូតិ៍ថ្មី នៅទីតាំងថ្មីគឺលេខ F1 មានទំហំ ៩២០,០៣ម៉ែត្រការ៉េ ក្រុមហ៊ុនតម្រូវឲ្យជនរងគ្រោះកក់ប្រាក់បន្ថែមចំនួន ៨,៤៤០ដុល្លារ (លើប្រាក់កក់ ១០,០០០ដុល្លារកាលពីពេលមុន)។

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះ បានកក់ប្រាក់ចំនួន ៥,០០០ដុល្លារបន្ថែម។

ជនរងគ្រោះបញ្ជាក់ថា រាល់ការទូទាត់ប្រាក់កក់ទាំង ៣លើកសរុបចំនួន ២៣,៤៤០ដុល្លារ
គឺធ្វើការផ្ទេរតាមរយ:ធនាគារ ABA ចូលគណនីធនាគារ របស់លោកឧកញ៉ា នួន អក លេខ៖ 000246453។

ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក បានសន្យាថា បន្ទាប់ពីប្រគល់ប្រាក់កក់រួចរយៈពេល ៣០ថ្ងៃ ជនរងគ្រោះ អាច ទទួលបានយកទៅប្រើប្រាស់ និងអាស្រ័យផល ដោយមានការចាក់ដីលុបរួចរាល់ មានប្រព័ន្ធទឹកស្អាត តភ្ជាប់ប្រព័ន្ធភ្លើងរដ្ឋ មានប្រព័ន្ធលូ និងផ្លូវបេតុងរួចរាល់។

ប៉ុន្តែការសន្យានេះ គឺវាគ្រាន់ តែជាការកុហក់បោកប្រាស់ជនរងគ្រោះតែប៉ុណ្ណោះ ពោលគឺនៅពេលគ្រប់ ៣០ថ្ងៃ ជនរងគ្រោះ សុំបង់លុយបង្គ្រប់ថ្លៃដី ដើម្បីទទួលដីយកទៅប្រើប្រាស់ បែរជាក្រុមហ៊ុនគ្មានដីដូចការសន្យា និងបង្ហាញលើក្រដាសប្រកាសលក់ឡើយ ពោលគឺគម្រោងដីឡូតិ៍ ឌឺសាគូរ៉ាផាក គឺនៅជាវាលស្រែ មិនទាន់មានការចាក់ដី និងរៀបចំអ្វីទាំងអស់។

ដោយសារតែក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា មិនគោរពតាមសន្យា និងមិនមានទីតាំងដីច្បាស់លាស់ប្រគល់ជូនជនរងគ្រោះ ទើបជនរងគ្រោះ សុំឲ្យក្រុមនេះប្រគល់លុយកក់ទាំងអស់នោះត្រឡប់មកវិញ។

ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT បានព្រមព្រៀងជាមួយជនរងគ្រោះ ដើម្បីធ្វើការបញ្ចប់វិវាទ ដោយធ្វើលិខិតបញ្ជាក់ការទូទាត់ប្រាក់ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសន្យាសងប្រាក់ទៅជនរងគ្រោះជា ២ដំណាក់កាលគឺ៖

-ដំណាក់កាលទី១ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ជនរងគ្រោះទទួលបានរួចហើយ)

-ដំណាក់កាលទី២ គឺ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

ប៉ុន្តែមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងក្រុមហ៊ុន BLUE BAY LAND DEVELOPMENT មិនទាន់បានអនុវត្ត កាត្វកិច្ចបង់ប្រាក់ដំណាក់កាលទី២ មកឲ្យជនរងគ្រោះឡើយ។

ទោះជាជនរងគ្រោះព្យាយាមទាក់ទងទៅបុគ្គលិកក្រុមហ៊ុន និងទៅដល់ទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនមានការឆ្លើយតបទៅជនរងគ្រោះនោះទេ។

ជនរងគ្រោះចាត់ទុកថា សកម្មភាពនៃការគេចវេស និងការមិនបំពេញកាតព្វកិច្ចឲ្យទាន់ពេលវេលាកំណត់ដែលធ្វើឡើងដោយ ក្រុមហ៊ុននេះ គឺ បានឆ្លុះបញ្ចាំងនូវចេតនាទុច្ចរិតយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនគ្មានទំនួលខុសត្រូវមកលើខ្លួនដែលជាអតិថិជនម្នាក់ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុននៃគម្រោងឌីសាគូរ៉ាផាក ដីឡូតិ៍លេខF1។

ដោយសាររងអំពើអយុត្តិធម៌ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENTរបស់លោកឧកញ៉ា នួន អក ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួយដោះស្រាយតាមច្បាប់៕