ស្នេីសម្ដេចក្រឡាហោមឈប់ពីការងារ ដោយសារតែមិនពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង
បាត់ដំបង ៖ លោក លី ឌីនូរី ឋានន្តរសក្តិវរៈមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ដំបង បាដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។ នេះបើយោងតាមពាក្យស្នើសុំលាឈប់ពីការងារ ដែលលោក លី ឌីនូរី គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។
បើតាមលោក លី ឌីនូរី បានថ្លែងថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង។ ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ។
ការសម្រេចលាឈប់នៅពេលនេះ ក៏ធ្វើឡើងស្របគ្នា បន្ទាប់ពីសាលាខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក។
ជុំវិញលិខិតអញ្ជើញលើកទី១នេះ ត្រូវបានលោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗ តាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ
១-តើរយៈកាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?
២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈកាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាងសុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។
៣-បក្ខពួកនិយមខ្លាំងពេកនាំឲ្យអន្តរាយដល់ស្ថាប័នរដ្ឋ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្ខពួកពេក ខ្ញុំមិនធ្វើការជាមួយទេសូមជ្រាប៕