អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីជាអនីតិជន
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។
ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូង ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះផលិតទឹកសុទ្ធ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថាមានករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន និងដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌ បានចេញអន្តរាគមន៍ចុះទៅដល់ទីតាំងកើតហេតុ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃន់ ខង ហៅ អាឡូយ ភេទប្រុស អាយុ៣៤ឆ្នាំ ពីចំណុចមុខឃ្លាំងលក់ទឹកសុទ្ធមួយកន្លែងគ្មានស្លាកយីហោ ស្ថិតនៅផ្លូវប៉េតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្ស ដើម្បីធ្វើការសាកសួរបន្ត។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ឃើញថាមានភាពស៊ីសង្វាក់គ្នាដូចការចោទប្រកាន់ពិតប្រាកដមែន៕