នគរបាលជំនាញខណ្ឌច្បារអំពៅ ហសការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតគ្រឿងញៀនជិត៤៧គីឡូក្រាម
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាល ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក វរសេនីយ៍ទោ ឡូ ភារម្យ អធិការ រងទទួលផែនប្រឆាំងគ្រឿងញៀន ហសការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ រ៉ុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវ បង្ក្រាបមុខសញ្ញា ប្រេីប្រាស់និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ដកហូតគ្រឿងញៀនជិត៤៧គីឡូក្រាម ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងបានដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតទទួលបានព័ត៌មាន ថានៅក្នុងឃ្លាំងមានចំនួន៣បាវទៀត ភ្លាមៗនោះកម្លាំងចំរុះបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានរកឃើញចំនួន៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងបានឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ស្រីចំនួន០៣នាក់ មកបំភ្លឺផងដែរ ។
បច្នុប្បន្នជនសង្ស័យពាក់ពន្ធ័ទាំង៤នាក់ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕