នគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរ ករណីកាប់ប្លន់
ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ករណីកាប់ប្លន់យកម៉ូតូពីជនរងគ្រោះកាលពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក វរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ នគរបាល ស្ទឹងមានជ័យ ទី៣ បានឲ្យដឹងថា មុនកេីតហេតុជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GV-2497 ដោយជិះតាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់នៅអង្គុយកែងដីឡូតិ៍គ្មានលេខនោះ ហេីយជនសង្ស័យទាំងពីរនាក់បានចេញមកស្ទាក់ម៉ូតូជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានយកកាំបិតប៉័ងតោទៅគំរាមកាប់ជនរង គ្រោះ ពេលនោះជនរងគ្រោះក៏បានចុះពីលើម៉ូតូរត់គេចយករួចខ្លួន បន្ទាប់មកឈ្មោះ អុឹម ម៉ាលី បានលេីកយកម៉ូតូជិះគេចបាត់ស្រមោល។
រហូតមកដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ។
លុះមកដល់ថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤និង២០នាទី លោក វរសេនីយ៍ត្រី ឯម ភារី ដឹកនាំកម្លាំងចុះស្រាវ ជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អុឹម ម៉ាលី (ហៅម៉ាប់)ភេទប្រុស អាយុ២២ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន។
ជនរងគ្រោះឈ្មោះ ថាន់ ចាន់ថា ភេទប្រុសអាយុ ៤០ ឆ្នាំជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី០១ ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។
ជនសង្ស័យទី២ ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(គេចខ្លួន)។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕