ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥៤៥នាក់!
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបចំនួន៥៤៥នាក់ ដោយមានចូលរួមពី មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា មុខតំណែង ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស បេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខផងដែរ៕