ស្ងាត់ៗសង្វៀនជល់មាន់និងបាញ់អាប៉ោងនៅក្នុងចំការស្វាយ ស្រុកត្រពាំងប្រាសាទ បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ!
ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែល ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ ដែលបានបិទមួយរយៈពេលខ្លីនោះ ឥឡូវនេះមានបុរសជើងខ្លាំងម្នាក់ឈ្មោះ(ស្រួច) កំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អស់រយៈពេលជិតពីរខែវិញហើយ តិចអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានអត់ដឹងទៅ?
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅក្នុងចំការស្វាយ ក្រោយបានបិទមួយរយៈពេលខ្លីមក ឥលូវបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងដែរឬទេ ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?
ប្រភពបានឲ្យដឹងថា ទីតាំងបនល្បែងជល់មាន់និងបាញ់អាប៉ោងមួយកន្លែងនេះ បានបិទមួយរយៈពេលខ្លីទៅហើយ ហើយពេលនេះបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លារៀល មាន់ជល់ភ្នាល់ចាក់លុយមួយគូៗ ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។
ពលរដ្ឋមានការព្រួយបារម្មណ៍ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផង ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព (ទាំង៧) ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពយើងធ្វើការផ្សាយជាបន្តបន្ទាប់ ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធណាមួយ ដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕