ខ្លាំងមែន ! ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ជល់មាន់ និងអាប៉ោង ហ៊ានបេីកលេងក្បែរ ប៉ុស្តិ៍នគរបាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័សំងំស្ងៀម
កំពង់ចាម ៖ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថា មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែងនៅក្បែរប៉ុស្តិ៍នគរបាលស្ដៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងបេីកដំណេីរការទទួលក្រុមអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង ដោយមិនខ្លាចញញេីត និងអាជ្ញាធរមានសមត្ថកិច្ច សោះឡេីងធ្វេីឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ចំពោះសុវត្ថិភាព ភូមិឃុំ សង្កាត់ របស់ពួកគាត់ខ្លាចមានបទល្មេីសផ្សេងៗកេីតឡេីង ខណៈអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័នៅមូលដ្ឋានហាក់សំងំស្ងៀម គ្មានវិធានការទប់ស្កាត់ឬក៏បង្ក្រាប ។
សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងនេះនៅមិនឆ្ងាយប៉ុន្មានពីប៉ុស្ដិ៍នគរបាល ឃុំស្ដៅនោះទេ គឺប្រហែល២០០ម៉ែត្រតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ថាបើកភ្លើងខៀវអោយក្រុមញៀនល្បែងបើកលេងហើយមើលទៅ ទើបទីតាំងមួយកន្លែងនេះ លេងបានយ៉ាងរលូនដូច្នេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកជា ជួន អធិការនគនគរបាស្រុកកងមាស បានទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន ។
ទោះជាយ៉ាងនេះក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការទបស្កាត់និងបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុន ចាន់ដា និងលោកឧត្ដមសេនីយ៍ទោឯម កុសល ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕