អនុប្រធានផ្នែកសារពើពន្ធបន្ទាយមានជ័យ ប្ដឹងចាងហ្វាងកាសែតម្នាក់ ទៅនគរបាលព្រហ្មទណ្ឌ ក្រោយផ្សាយរឿងពលរដ្ឋរិះគន់ពីនីតិវិធីបង់ពន្ធ
(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតកោះហៅ លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ឱ្យចូលខ្លួនទៅបំភ្លឺនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខតាមបណ្ដឹងរបស់លោក សឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ។
ការកោះហៅលោក អ៊ុង ថាប់រាំង ឱ្យចូលបំភ្លឺនេះ ទំនងជាធ្វើឡើងបន្ទាប់ពីរូបលោក បានចេញផ្សាយព័ត៌មានជាវីដេអូឃ្លីប មានចំណងជើងថា៖ “ពលរដ្ឋចោទប្រកាន់ មន្ត្រីសាខាពន្ធដាខេត្ត ធ្វើឲ្យមានភាពស្មុគស្មាញលើឯកសារបង់ពន្ធ ដើម្បីជំរិញរកផលប្រយោជន៍ ” កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។
ការចេញផ្សាយព័ត៌មានក្នុងវីដេអូឃ្លីប ដែលមានរយៈពេល ១០នាទី និង៥៦ វិនាទី បានលើកឡើងមានខ្លឹមសារទាំងស្រុងថា៖
លោក លី គឹមហាក់ និងពលរដ្ឋមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ អះអាងថា មន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ តែងតែប្រើបច្ចេកទេសចាប់កំហុសលើឯកសារបង់ពន្ធជូនរដ្ឋ ថាខុសបែបនេះបែបនោះមិនចេះអស់មិនចេះហើយ ធ្វើឲ្យដំណើការបង់ពន្ធប្រថាប់ត្រាយឺតយូរ និងបង្កស្មុគស្មាញគ្រប់បែបយ៉ាង។ ក្នុងគោលដៅជំរុញឲ្យពលរដ្ឋដែលទៅរកសេវាបង់ពន្ធដោយខ្លួនឯង ត្រូវរត់រកឈ្មួញកណ្តាល ឬរកខ្សែបណ្តាញ ដើម្បីងាយស្រួលក្នុងការបង់ពន្ធ។
សំឡេងលោក លី គឹមហាក់ “ខ្ញុំទៅបង់ខ្វះឯកសារនេះឯកសារនោះរៀបមិនត្រូវ ដល់ពេលមិនត្រូវខ្ញុំព្យាយាមសួរគាត់ថា ឯកសារហ្នឹងខ្វះអ្វីគេ? បើសោរិយោដីចេញឲ្យហើយនៅខ្វះចុះថ្ងៃទី ខ្វះនេះខ្វះនោះ។ បញ្ចាក់នេះបញ្ជាក់នោះដល់ពេលបញ្ជាក់យូរខែគាត់ថាហួសសុពលភាព គេឲ្យយើងធ្វើថ្មីទៀត”។
លោកគឹមហាក់ បន្ថែមថា លោកត្រូវចំណាយពេលរយៈពេលជិត៣ខែដើម្បីទទួលបានការបង់ពន្ធប្រថាប់ត្រា ដែលប្រការនេះធ្វើឲ្យលោកទទួលផលលំបាក ខុសពីការបង់ពន្ធតាមខ្សែបណ្តោយរត់ការតាមរយៈលោក សឿង សីហា ជាមន្ត្រីនៅក្នុងសាខាពន្ធដាខេត្តបន្ទាយមានជ័យ។
សំឡេងលោក លី គឹមហាក់ “ សល់ពេលបង់ពន្ធហ្នឹងគាត់ប្រាប់ខ្ញុំថាឲ្យបាញចូលកុងគេផ្ញើមក គឺកុងលោកព្រំ សាលី។ ហើយបន្ទាប់មកទៀតរង់ចាំមួយខែបានគេទេហៅទៅយកប្លង់ ចឹងគ្រាន់តែពន្ធដាតែឯងនឹងត្រូវរង់ចាំ២ទៅ ៣ខែហើយហ្នឹង”។
មានបទពិសោធន៍ បង់ប្រាក់ពន្ធនៅពន្ធដាខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ លោក លី គឹមហាក់ លើកឡើងថា៖ បើចង់ឲ្យឯកសារបង់ពន្ធមិនខុសច្រើន និងរត់បានលឿន គឺពលរដ្ឋត្រូវប្រើសេវាក្រោមតុជាជម្រើស។
លោក លី គឹមហាក់ “នេះខ្ញុំសួរតាមអ្នករត់ការគេថាមកពីយើងមិនឲ្យសេវាគេខាងក្រៅចឹងហាស! ជាទូទៅអ្នករត់ការគេត្រូវដងត្រូវផ្លែបានជាគេរត់បានលឿនជាងយើង… មិនមែនមានតែខ្ញុំទេ មានច្រើនគ្នាដែលជួបរឿងនេះ”។
លោក លី គឹមហាក់ មន្ត្រីពន្ធដាខេត្តបន្ទាយមានជ័យមិនត្រឹមមិនបង្កើតឲ្យមានភាពស្មុគស្មាញនៃឯកសារបង់ពន្ធនៃអចលនវត្ថុនោះទេ តែមានមន្ត្រីជាប្រព័ន្ធរៀបស៊ីក្បាលកាក់លើតម្លៃបង់ពន្ធកំណត់ដោយរដ្ឋផងដែរ។
លោក លី គឹមហាក់ អះអាងថា៖ “ពីមុនក៏គុណតម្លៃខុសដែរ មុនគុណតម្លៃដីមួយការេ៣០០… តែក្នុងតារាងពន្ធដារមួយការ៉េត្រឹមតែ៨០ទេ…”។
ដោយគ្មានតម្លាភាព និងមិនអាចទទួលយកលក្ខខណ្ឌដែលគ្រាន់តែបង់ពន្ធជូនរដ្ឋ ត្រូវឆ្លងកាត់ដំណើការស៊ី និងសូកជាទំរង់នៃការប្រព្រឹត្តិអំពើពុករលួយ និងបក្ខពួកនិយមនៅក្នុងជួរមន្ត្រីពន្ធដាខេត្តបន្តាយមានជ័យ ទើបលោក លី គឹមហាក់ និងពលរដ្ឋខេត្តបន្ទាយមានជ័យជាច្រើនផ្សេងទៀតសម្រេចចិត្តរត់ទៅបង់ពន្ធនៅឯរាជធានីភ្នំពេញជំនួសវិញ។
លោក លី គឹមហាក់ ថ្លែងបន្ថែមថា៖“ដល់ពេលទិញដីគេ២ល្វែងគេថាដីយើងជាប់ពន្ធ២តង់ ខ្ញុំក៏សម្រេចយកមកបង់ពន្ធនៅភ្នំពេញ នៅគេយកតែមួយតង់តែប៉ុណ្ណោះ”។
លោក លី គឹមហាក់ ថា៖ ក្រោយបង់ពន្ធនៅរាជធានីភ្នំពេញទើបលោកដឹងយ៉ាងច្បាស់ថា ស្ថានភាពនៃការបង់ពន្ធនៅខេត្តបន្ទាយមានជ័យគឺមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ បើបង់ពន្ធនៅភ្នំពេញចំណេញពេលវេលា.. មិនខុសបែបបទច្រើន… និងមន្ត្រីមានសំដីល្អជាង..”។
តាមប្រភពពីប្រជាពលរដ្ឋដែលប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីឡូតិ៍ និងធ្វើផ្ទះល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់ថាមន្រ្តីជំនាញសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបស៊ីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត ដោយមានលោកសឿង សីហាជាអ្នកវាយតម្លៃ។
ពលរដ្ឋអះអាងស្រដៀងគ្នាថា លោក សឿង សីហា អនុប្រធានផ្នែកសារពើពន្ធជាអ្នករកផលប្រយោជន៍ ដោយការប្រមូលពន្ធ និងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យ និងការវាយតម្លៃទៅលើពន្ធប្រថាប់ត្រាជាដើម គឺអាស្រ័យទៅលើបបូរមាត់របស់លោក សឿង សីហា ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយការចោទប្រកាន់នេះ លោក សឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខ្មែរជាយដែនថា៖ ពុំមានភាពមិនប្រក្រតីណាមួយកើតឡើងដូចការលើកឡើងនេះទេ ប្រសិនបើរកឃើញខុសភាពប្រក្រតីដូចការចោទប្រកាន់មែនលោកជំរុញឲ្យពលរដ្ឋដាក់ពាក្យប្តឹងជាផ្លូវការ។
លោក សឿង សីហា ផងដែរ ដោយលោក សឿង សីហា បានឆ្លើយតបចំពោះការចោទប្រកាន់ថា៖ “សម្រាប់ខាងខ្ញុំទាក់ទងនឹងការទទួលឯកសារ… ធ្វើអ្វីក៏មាន system ទាំងអស់… បើរកឃើញថាការយកលុយលើសបងប្អូនអាចដាក់ពាក្យប្តឹងបាន…ពុំមានមន្ត្រីណាម្នាក់បានយកលុយកាក់ប្រាក់កាសដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនខុសគោលការរដ្ឋកំណត់នោះទេ”។
សូមជម្រាបជូនថា លោក អ៊ុង ថាប់បារាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានផ្សព្វផ្សាយព័ត៌មាន អំពីការលើឡើងរបស់ពលរដ្ឋខេត្តបន្ទាយមានជ័យ ជាច្រើននាក់ដែលបានបញ្ចេញមតិយោបល់ រៀបរាប់បទពិសោធន៍ជាផលលំបាកអំឡុងពេលពួកគាត់ចូលទៅបង់ពន្ធ ហើយពលរដ្ឋ និងមន្ត្រីខ្លះបានផ្តល់ឯកសារបង់លុយពន្ធ ចូលមកគណនីផ្ទាល់ខ្លួនរបស់មន្ត្រីនៅទីនោះផងដែរ។
ការផ្សាររបស់លោក អ៊ុង ថាប់បារាំង បានផ្អែកលើប្រភពច្បាស់លាស់ និងឯកសារច្បាស់ការ ដោយលោកថែមទាំងបានដកស្រង់សម្រង់សំដីដើមរបស់ប្រភពយកទៅចុះផ្សាយចំនួន ៣លេខ ជាបន្តបន្ទាប់ក្នុងអំឡុងខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
ពាក់ព័ន្ធករណីនេះ លោក អ៊ុង ថាប់បារាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានថ្លែងថា៖ ការប្តឹងរូបលោកទៅកាន់នគរបាលព្រហ្មទណ្ឌដោយមិនស្នើសុំការបកស្រាយ ឬស្នើឱ្យមានកែតម្រូវក្នុងនាមជាមន្ត្រីផ្តល់សេវាសាធារណៈនេះ ជាការបំពានសេរីភាពអ្នកសារព័ត៌មាន និងមិនអនុវត្តតាមស្មារតីច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ។
លោក អ៊ុង ថាប់បារាំង បានស្នើសុំឲ្យលោក សឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ និងខិតខំក្ដីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាជាងការប្រើប្រាស់ចំណាត់ការផ្លូវច្បាប់លើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបំភ័យអ្នកសារព័ត៌មានឈប់ឱ្យចុះផ្សាយរិះគន់ភាពអសកម្មរបស់មន្ត្រីសាធារណៈ។
ជុំវិញករណីមន្ត្រីប្ដឹងអ្នកសារព័ត៌មាន នេះ លោក ភុន ឈិន អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការលីការដូ ប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ ការប្តឹងអ្នកសារព័ត៌មានដោយមិនអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាការគំរាមសេរីភាពបញ្ចេញមតិ និងជាគំនាបផ្នែកស្មារតីមិនឲ្យពលរដ្ឋបញ្ចេញមតិ៕