ក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភគាំទ្រពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ជាទូកតំណាងឱ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺធ្លាប់ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ចំនួន៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៧, ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងការប្រណាំងទូក នៅឯទន្លេវ៉ៃគោ ខេត្តស្វាយរៀង តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការអាកខានរយៈពេល០២ឆ្នាំ ទើបតែឆ្នាំ២០២២ នេះ នឹងមានការប្រារព្ធពិធីឡើងវិញ។
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងត្រូវទៅចូលរួមការប្រកួត ប្រណាំងទូក នៅឯទន្លេវ៉ៃគោ ខេត្តស្វាយរៀង នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីការពារជ័យលាភីចំណាត់ថ្នាក់លេខ១ របស់ខ្លួនឡើងវិញ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងជូនពរដល់កីឡាករ ទូក ទាំងអស់ ដែលត្រៀមចេញទៅប្រកួត សូមឲ្យទទួលបានជ័យលាភី ក៏ដូចជាកិត្តិយស ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ ក៏បានឧបត្ថម្ភគាំទ្រក្នុងការចំណាយរួមមានថវិកាចំនួន ២៥,៨០០,០០០ រៀល (ស្មើនឹង ៦,៤៥០ដុល្លារ), សម្លៀកបំពាក់កីឡាចំនួន៨០កំប្លេ, អង្ករ ចំនួន ១៥ ការុង ស្មើ ៣៥០ គីឡូក្រាម , មី ចំនួន ១៩កេស, ត្រីខ ចំនួន ០២កេស, ទឹកសុទ្ធ និងភេសជ្ជះចម្រុះ ចំនួន៧៤កេស សម្រាប់ជូនដល់ក្រុមកីឡាករផងដែរ៕