Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្អេីលស្ត្រីម្នាក់សម្រាលកូនត្រូវពស់ពាំកូន​យក​ទៅ​បាត់តាមពិតជារឿងប្រឌិតសោះ

ស្វាយរៀង)៖ រឿងស្ត្រីម្នាក់សម្រាលកូន​ពស់ពាំកូនទៅបាត់ បង្កការភ្ញាក់ផ្អេីល​ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជារឿងមិនពិត​ នេះបេីតាម​ការបញ្ជាក់របស់គ្រូពេទ្យ បានឲ្យដឹងថា ស្ដ្រីដែលបង្កើតរឿងឲ្យមានការភ្ញាក់ផ្អើលនោះ មិនមានផ្ទៃពោះនោះឡើយ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា បន្ទាប់ពីផ្អើលករណីពស់ពាំកូននោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅសួរនាំ​ដោយផ្ទាល់ជាមួយស្ដ្រីឈ្មោះ សេង រតនា ទើបដឹងរឿងរ៉ាវច្បាស់ថា ស្ដ្រីរូបនេះប្រឌិតរឿងឡើងដោយខ្លួនឯងតែប៉ុណ្ណោះ។

អាជ្ញាធរនិងសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការសិក្សាតាមវិទ្យាសាស្រ្តគ្រូពេទ្យ គឺស្រ្តីម្នាក់នេះមិនមានផ្ទៃពោះនោះទេ។ ពោល​ គឺ​ការពិនិត្យអេកូនៅមន្ទីរពេទ្យបង្អែក​ស្វាយទាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ របស់លោកវេជ្ជបណ្ឌិត សរ សុខចំរើន គឺមិនមានផ្ទៃពោះទេ, ពិនិត្យ អេកូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២របស់លោក វេជ្ជបណ្ឌិត ចាន់ ថន គឺមិនមានផ្ទៃពោះទេ មិនត្រឹមតែ​ប៉ុណ្ណោះ ឈ្មោះ សេង រតនា បានសុំឲ្យលោកវេជ្ជ ចាន់ ថន ជួយបញ្ជាក់ថា មាន​ផ្ទៃពោះថែមទៀតផង តែលោកវេជ្ជបណ្ឌិត​មិនធ្វើតាមសំណូមពរនោះទេ​ ហើយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការពិនិត្យរបស់គ្រូពេទ្យនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏​បញ្ជាក់ថាគ្មានផ្ទៃពោះនោះដែរ។

ទោះជាយ៉ាងណា​ សម្រាប់មូលហេតុ ដែល​នាំ​ឲ្យស្ដ្រីរូបននោះប្រឌិតរឿងបង្កឲ្យមានការ​ភ្ញាក់ផ្អើលនេះសមត្ថកិច្ច និងអាជ្ញាធរមិនទាន់បញ្ជាក់ឲ្យដឹងការពិតនៅឡើយទេ បានត្រឹម​បន្សល់ទុកចម្ងល់អោយមហាជនឆ្ងល់​ ។

ស្ដ្រីដែលធ្វេីរឿងប្រឌិតផ្អេីលពេញប្រទេស​មានឈ្មោះ សេង រតនា ហៅស្រីហ៊ុច អាយុ២៨ឆ្នាំ មុខរបរ​ កម្មការិនី​ រោងចក្រ បាន​ប្រឌិតរឿងថា ខ្លួនទើបសម្រាលកូន តែត្រូវសត្វពស់ដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ។ បន្ទាប់មករឿងរ៉ាវនេះបានបង្កការ​ភ្ញាក់ផ្អើលតាមបណ្ដាញសង្គម រហូតដល់សមត្ថកិច្ចចុះស្រាវជ្រាវ ទើបដឹងការពិតថា ជារឿងប្រឌិត ៕