កំពុងមានអ្នករត់ការឲ្យតុលាការដោះលែងស្ត្រីឈ្មោះ ពេជ្រ ស្រីមុំ ដែលឆបោកលុយគេរាប់លានដុល្លារ
ភ្នំពេញ)៖ បន្ទាប់ពីស្ត្រីអ្នកជំនួញហាយសូ ឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោកលុយគេរាប់លានដុល្លារ ឥឡូវនេះកំពុងមានអ្នករត់ការឲ្យតុលាការដោះលែងវិញ។ នេះបើយោងតាមប្រភពច្បាស់ការ។
ខណៈដែលស្ត្រីសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍ មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីអភិជនឈ្មោះ ពេជ្រ ស្រីមុំ បើកដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យជាអ្នកក្រនោះទេ។
ជាក់ស្តែងរូបភាពដែលអង្គភាពព័ត៌មាន ថតបាននៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញជាសក្ខីភាពស្រាប់ ខណ:ស្ត្រីជាប់ចោទត្រូវគេបញ្ជូនដល់តុលាការ។
លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការបានប្រាប់ អ្នកសារព័ត៌មានតាមសារតេឡេក្រាមថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
នៅពេលសំណុំរឿង និងជនត្រូវចោទបញ្ជូនទៅដល់ដំណាក់កាលចៅក្រមស៊ើបសួរ គេសង្កេតឃើញក្រុមអ្នករត់ការជាច្រើននាក់ ក្នុងនោះមានទាំងប្រធានក្រុមនគបាលការពារគោលដៅតុលាការ មន្ត្រីបានអាវុធហត្ថដែលមានតួនាទីដឹកស្ត្រីជាប់ចោទទៅកាន់តុលាការ បានគប់គិតគ្នាឱ្យរថយន្តដឹកស្ត្រីរូបនោះ ចូលដល់បរិវេណខាងក្នុងនៃអគារតុលាការ ដែលទង្វើទាំងនេះគឺបង្ហាញពីភាពមិនស្មើគ្នាចំពោះមុខច្បាប់សម្រាប់ជនជាប់ដ៏ទៃៗទៀត។
សូមបញ្ជាក់ថា បើចំពោះអ្នកសារព័ត៌មានវិញ លោកប្រធានក្រុមគោលដៅតុលាការបានហាមប្រាមមិនឱ្យអ្នកយកព័ត៌មានអាចថតយកព័ត៌មាននៅក្នុងរបង រឺនៅពីមុខតុលាការទេ ពោលគឺឱ្យថតតែពីលើដងផ្លូវប៉ុណ្ណោះ។
សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។
គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ស្ដ្រីឈ្មោះ ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឆបោកដូចគ្នានោះ តាមបណ្ដឹងរបស់ពាណិជ្ជករម្នាក់ ដែលការឆបោកនេះ មានទឹកប្រាក់ប្រមាណជាង ៧៧ម៉ឺនដុល្លារ ប៉ុន្ដែតុលាការដាក់ឃុំស្ត្រីរូបនេះមិនជាប់ឡើយ ពោលគឺបានដោះលែងទៅវិញ ដូច្នេះគេនឹងរងចាំមើលថាតើស្ត្រីរូបនេះនឹងមានសំណាងដូចពេលមុនដែរ ឬយ៉ាងណា?