សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មនៅអាមេរិក ……!
(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោង៣ និង៤៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់បេសកកម្មប្រកបដោយជោគជ័យនៅលើទឹកដីសហរដ្ឋអាមេរិក ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសកម្ពុជាទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
នៅលើទឹកដីអាមេរិករយៈពេលប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសេចក្តីថ្លែងការណ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយបានលើកបង្ហាញពីវឌ្ឍនភាពរបស់ជាតិកម្ពុជា បញ្ហាបោះឆ្នោត រួមនិងបញ្ហាប្រឈប់របស់ពិភពលោកផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចសំខាន់លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន ត្រូវបានប្រទេសមហាអំណាចមួយចំនួនយកធ្វើជាខែល ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
ក្រៅពីការថ្លែងនូវសេចក្តីថ្លែងការណ៍ក្នុងនាមជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់, នាយករដ្ឋមន្ត្រីប៊ុលហ្ការី, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
បើទោះបីការបំពេញបេសកកម្មលើទឹកដីអាមេរិកនាពេលនេះ មានសភាពមមាញឹកយ៉ាងណាក្តី តែដោយសារក្តីនឹករលឹកចំពោះបងប្អូនខ្មែរអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនខ្មែរប្រមាណជា ២ពាន់នាក់ទាំងយប់ផងដែរ។
កាយវិការមេដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះខ្មែរនៅគ្រប់ទីកន្លែងរបស់សម្តេចតេជោ ទទួលបានការស្វាគមន៍ គោរពស្រឡាញ់ និងគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ខ្មែរនៅអាមេរិកនោះ។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការវិវឌ្ឍន៍របស់ជាតិទាំងការងារសេដ្ឋកិច្ច សង្គម និងនយោបាយ។
ជាពិសេសសម្តេចបានរំលឹកពីការតាំងចិត្ត និងគោលនយោបាយអាទិភាពមួយចំនួនរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន។