Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវករណីមានជនជាប់ឃុំស្លាប់ ខណៈសាច់ញាតិសង្ស័យថា អាចជាការប្រើហិង្សា


(កំពង់ស្ពឺ)៖ ព្រះរាជអាជ្ញារង នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺទទួលបន្ទុកពន្ធធានាគារខេត្តកំពង់ស្ពឺ កំពុងដឹកនាំ សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវ និងសាកសួរតាមនីតិវិធី។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ការចុះស្រាវជ្រាវ បានធ្វើឡើងបន្ទាប់ពីមានជនជាប់ឃុំម្នាក់ឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានស្លាប់បន្ទាប់ពីមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

យោងតាមកំណត់ហេតុសួរយកចម្លើយសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ការស្លាប់របស់ជនជាប់ឃុំឈ្មោះ មន មឿន គឺបណ្ដាលមកពីជនជាប់ឃុំរូបនេះ រអិលជើងធ្លាក់ពីលើធ្នើដាក់អីវ៉ាន់នៅក្នុងពន្ធនាគារ គឺមិនមានការធ្វើទារុណកម្ម និងប្រើអំពើហិង្សាអ្វីឡើយ។

ទោះជាយ៉ាងណា ក្រុមគ្រួសារ និងសាច់ញាតិ របស់ជនជាប់ឃុំឈ្មោះ មន មឿន នៅពុំទាន់ទទួលយកបានឡើយនៅហេតុផលដែលសមត្ថកិច្ចសាកសួរសាក្សីនោះ ព្រោះពួកគាត់អះអាងថា ប្រសិនបើជនជាប់ឃុំ រអិលធ្លាក់ពីលើធ្នើដាក់អីវ៉ាន់ ហេតុអ្វីមាន ស្នាកស្នាម ជាំត្រង់កដៃទាំងសងខាង (ដូចជាមានការចាប់ក្រៀក), ជាំ និងហើមនៅត្រង់ដើមដៃខាងស្ដាំជាច្រើនកន្លែងដូចជាមានការវាយ, ជាំនៅលើស្មងជើងទាំងសងខាងជាច្រើនកន្លែង, ជាំនៅដើមទ្រូងរបកស្បែកជច្រើនកន្លែង និងមានបែកបបូរមាត់ខាងលើ ផ្នែកខាងឆ្វេងថែមទៀតផង។
ក្រុមគ្រួសារ និងសាច់ញាតិ របស់ជនជាប់ឃុំឈ្មោះ មន មឿន ស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាជួយស្រាវជ្រាវករណីនេះឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យពួកគាត់អស់ចិត្ត និងជួយរកយុត្តិធម៌ជូនអ្នកស្លាប់។

គួររំលឹកថា ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅភូមិធ្លាចាស់ សង្កាត់វាងពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានបញ្ជូនទៅឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងបានស្លាប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

បច្ចុប្បន្ន សពរបស់ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

យោងតាមមាត្រា ៦៤ នៃច្បាប់ស្ដីពី ពន្ធនាគារ បានចែងថា ក្នុងករណីជនជាប់ឃុំទទួលមរណៈភាពក្នុងពន្ធនាគារ ត្រូវចាត់ទុកជាការសង្ស័យ។ មន្ត្រីពន្ធនាគារត្រូវការពារកន្លែងសាកសព និងរក្សាទុកជនជាប់ឃុំដែលអាចធ្វើជាសាក្សី។ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាដើម្បីចាត់វិធានការស៊ើបអង្កេត។
ប្រសិនបើជនជាប់ឃុំស្លាប់នៅក្នុងមន្ទីរពេទ្យ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាបើមានការសង្ស័យ ព្រះរាជអាជ្ញាត្រូវចាត់ឱ្យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រធ្វើការពិនិត្យសាកសព៕