Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ ពិតជាអកុសលខ្លាំងណាស់បុរសម្នាក់ត្រូវបាន រថយន្តមិនចាំម៉ាក បើកបុកពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ចូនមន្ទីពេទ្យ ដល់ពាក់ កណ្ដាលផ្លូវ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរផ្សារអូឬស្សី តាមបណ្ដោយផ្លូវលេខ១៨២ កែងនិងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទូច ច័ន្ទថន អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌជ្រោយចង្វារ ដោយជនរងគ្រោះជិះម៉ូតូម៉ាក click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-3904 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឆ្លងផ្លូវលេខ១៨២ ស្របពេលនោះស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាក បានបើកបរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានខ្ទាតពីម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តដឹកត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់ ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យបងប្អូនយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕