Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ មន្រ្តីរាជការទាំងអស់របស់ក្រសួងរៀបចំដែនដី ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី សាមគ្គី ឯកភាពគ្នាផ្ទៃក្នុង ដើម្បីចូលរួមគាំទ្រអនុវត្តឱ្យសម្រេចបាននូវកម្មវិធីនយោបាយរបស់រដ្ឋាភិបាល


=============
ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដំបូងជាមួយថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាអាទិភាពមួយខ្ពស់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់មថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់ តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មីបានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល៕