ក្រុមចោរដាក់ថ្នាំបំពុលសត្វឆ្កែ ចូលលួចយកម៉ូតូត្រូវសមត្ថកិច្ចចាប់បាន៦នាក់ តែម៉ូតូជនរងគ្រោះរកមិនទាន់ឃេីញ
ពោធិ៍សាត់ ៖ ជនសង្ស័យចំនួន៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្របួចបាន ជាបន្តបន្ទាប់ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ៤០នាទី ។
សមត្ថកិច្ចបានដឹងថា ជនសង្ស័យទាំង៦នាក់គឺជាមុខសញ្ញា ករណីលួច(បំពុលសត្វឆ្កែយកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ហោ វុទ្ធី កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៥និង ៣០នាទី នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបន្តថា សម្ភារៈបាត់បង់រួមមាន ៖ម៉ូតូ១គ្រឿង ម៉ាក ហុដាC125 ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1N ៨៨៦០ ផលិតឆ្នាំ ២០២២ និងងាប់សត្វឆ្កែ ១ក្បាល ។
ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៦នាក់ រួមមាន ៖ ទី១- សាន់ សេងហៀង,ទី២- អ៊ុច សំអៀន,ទី៣-ចន ចំតេីន,ទី៤-យុន សុីវធាន,ទី៥-លី សុីណាត,ទី៦-យេន យ៉ាន់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។
ពលរដ្ឋលេីកជាចម្ងល់ថា បេីសិនជាសមត្ថកិច្ចអះអាងថា ចាប់បានចោរដែលដាក់ថ្នាំ(បំពុលសត្វឆ្កែ )លួចយកម៉ូតូ ចុះហេតុអ្វីម៉ូតូរបស់ជនរងគ្រោះបែជារកមិនឃេីញ (នេះជាចម្ងល់របស់ពលរដ្ឋ ៕