តាំងខ្លួនជាអ្នកលេងមានអីត្រូវនគរបាលស្រុកស្វាយជ្រំ ក្របួចបាន៤នាក់ ចាត់ការតាមនិតិវិធីច្បាប់
ស្វាយរៀង ៖ កាលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៨:២៥នាទី ព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងថា មានជនសង្ស័យ ជាច្រើននាក់(ប្រុស) ដែលរស់នៅភូមិអង្កាញ់,ភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូដេញកាប់កូនខ្លួន ប៉ុន្តែមិនត្រូវដោយកូនខ្លួនផ្តួលម៉ូតូរត់គេចខ្លន នៅពេលនោះជនសង្ស័យ និងក្រុមបក្សពួកបានរួមគ្នាកាន់ដាវកាប់ម៉ូតូខូចខាតអស់។
ពេលទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានចុះដល់កន្លែងកើតហេតុ និងបានកសាងសំណុំរឿង និងបានស្តាប់ការបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ១៥និង១០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះ ឌុបមិត្តទៅរៀននៅសាលាវិទ្យាល័យហ៊ុនសែនក្រោលគោ ពេលកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមាន ជនសង្ស័យជាច្រើននាក់បានជិះម៉ូតូចំនួន០៣គ្រឿងកាន់ដាវដេញកាប់រហូត ដល់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខ្លួនក៏ផ្តួលម៉ូតូរត់គេចខ្លួនទាំង០៣នាក់ ពេលនោះក្រុមបក្សពួកជនសង្ស័យបានរួមគ្នាកាប់ម៉ូតូខ្លួនខូចខាតអស់។
ក្រោយពីបានស្តាប់ការបំភ្លឺជនរងគ្រោះនិងសាក្សីរួចហើយ កម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការ និងបានរាយការណ៍សុំយោបល់ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី។
ក្រោយពីបានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញា រួចហើយ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចុះមកសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រធាតុ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួបរួមគ្នាខ្លះកាន់ដាវខ្លះកាន់ជំពាមកៅស៊ូ ដេញបាញ់ និងកាប់ជនរងគ្រោះមែនប៉ុន្តែជនរងគ្រោះបានផ្តួលម៉ូតូរត់គេចខ្លួន ពួកខ្លួនក៏កាប់ម៉ូតូបណ្តាលអោយបាក់បែកខូចខាតមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមនិងវត្ថុតាង ចាប់យកមាន ៖ ដាវចំនួន០១ ម៉ូតូចំនួន០២គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕