មេធាវីរបស់លោកយាយវ័យ ៧១ឆ្នាំ ដាក់ពាក្យសុំឱ្យនៅក្រៅឃុំ បន្ទាប់ពីឯកឧត្តម ច្រឹង ខ្មៅ ចេញដីកាបញ្ជាឱ្យ PM ផ្ទៃប្រទេសចាប់ដាក់គុកព្រោះរឿងដីធ្លី
(ភ្នំពេញ)៖ មេធាវីការពារសិទ្ធិ២រូបរបស់ជនត្រូវចោទឈ្មោះ ថោង សុខេង មានវ័យ ៧១ឆ្នាំ បានដាក់ពាក្យសុំឱ្យមានការដោះលែងកូនក្ដីនៅក្រៅឃុំជាបណ្ដោះអាសន្ន។ នេះបើយោងតាមឯកសារចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ពាក្យស្នើសុំដោះលែងកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន បានគោរពជូនឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ក្រោមហេតុផលចំនួន ៧ចំណុច។
សូមជម្រាបជូនថា ជនត្រូវចោទឈ្មោះ ថោង សុខេង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជាអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឆបោក, រំលោភលើទំនុកចិត្ត និងសមគំនិត។
ដើមចមដែលនាំឱ្យឈានដល់ការឃាត់ខ្លួន និងសម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ ថោង សុខេង គឺពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ តាំងពីអំឡុងឆ្នាំ២០១៩ ដែលមានដើមបណ្ដឹងឈ្មោះ ជូអេ ហ្វូតូ ជាជនជាតិជប៉ុន។
មេធាវីការពារសិទ្ធិជនត្រូវចោទ បានចាត់ទុកថា ការចាប់ និងឃុំខ្លួន លោកយាយ ថោង សុខេង ទាំងកំពុងព្យួសេរ៉ូម និងមានជំងឺជាប់កាយ ជាអំពើដែលមិនមានលក្ខណៈគត្តិយុទ្ធត្រឹមត្រូវ ត្បិតសំណុំរឿងមួយនេះ ដើមបណ្ដឹងឈ្មោះ ជូអេ ហ្វូតូ ជាជនជាតិជប៉ុន ធ្លាប់បានដាក់ពាក្យប្ដឹងជនត្រូវចោទ ទៅក្រសួងមហាផ្ទៃ, ទៅសាលាខេត្តកំពង់ស្ពឺ និងសាលាដំបូងខេត្តកំពង់ស្ពឺ រួចអស់ហើយ ប៉ុន្តែស្ថាប័នទាំងអស់នោះ បានស្រាវជ្រាវរកឃើញថា ករណីជនជាតិជប៉ុនឈ្មោះ ជូអេ ហ្វូតូ ប្ដឹងឈ្មោះ ថោង សុខេង គឺមិនមានធាតុផ្សុំនៃបទល្មើសឡើយ ពេលនោះឈ្មោះ ជូអេ ហ្វូតូ ក៏ព្រមដកពាក្យបណ្ដឹងពីស្ថាប័នទាំងអស់នោះមកវិញទាំងអស់។
ប៉ុន្តែបែរជានៅក្នុងឆ្នាំ២០២៣ ស្រាប់តែមេធាវីតំណាងឱ្យឈ្មោះ ជូអេ ហ្វូតូ បានដាក់ពាក្យប្ដឹងឈ្មោះ ថោង សុខេង នៅស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្ដងទៀត និងមានការឃាត់ខ្លួនឃុំខ្លួនជនត្រូវចោទឈ្មោះ ថោង សុខេង ទាំងមានជំងឺជាប់កាយក្នុងវ័យ៧១ឆ្នាំដែលកំពុងបញ្ចូលខ្យល់អ៊ុកស៊ីហ្សែន។
មេធាវីទាំង២រូបរបស់ជនត្រូវចោទអះអាងថា កូនក្ដីរបស់ពួកគេ តែងតែសហការ និងចូលខ្លួនបំភ្លឺគ្រប់នីតិវិធីរបស់ស្ថាប័នសមត្ថកិច្ច រហូតមកនៅគ្រាដែលដើមបណ្ដឹងឈ្មោះ ជូអេ ហ្វូតូ ប្ដឹងកាលពីពេលមុន ប៉ុន្តែនៅអំឡុងឆ្នាំ២០២៣លោកយាយ ថោង សុខេង មានវ័យចាស់ និងជំងឺច្រើនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទើបមិនទាន់អាចចូលខ្លួនឆ្លើយតាមកោះហៅរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយពឹងពាក់មេធាវីឱ្យដាក់ពាក្យសុំពន្យាពេលចំនួន២លើក ស្រាប់តែមានដីកាបញ្ជាឱ្យចាប់ខ្លួនលោកយាយយកទៅដាក់គុកតែម្ដង។
ជុំវិញករណីនេះ គ្រួសារជនត្រូវចោទ សូមគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើលការអនុវត្តនីតិវិធីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដល់យុត្តិធម៌ជូនលោកយាយ ម្ដាយ ដែលចាស់ជរារបស់ពួកគេ៕