មន្ត្រីអាវុធហត្ថផ្ទុះអាវុធ១០គ្រាប់ត្រូវប្រជាការពារម្នាក់របួសធ្ងន់
ភ្នំពេញ៖ មន្ត្រីអាវុធហត្ថម្នាក់សង្ស័យស្រវឹងស្រាបាន ដកកាំភ្លើងខ្លីបាញ់ចំនួន១០គ្រាប់ត្រូវកម្លាំងប្រជាការពារម្នាក់របួសធ្ងន់ ផ្អើលប្រជាពលរដ្ឋនិង សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដែលកំពុងល្បាត
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១៨នៅចំណុចទល់មុខផ្ទះ ល្វែងA4 ផ្លូវបេតុង ភូមិគង្គារផុស ស្ថិតក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កដែលជាខ្មាន់កាំភ្លើងមានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បាន ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើស ចោរលួច ឆក់ ប្លន់ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈដែលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី បានប្រទះឃើញក្រុមក្មេងទំនើងកំពុងវាយតប់គ្នាគ្រាន់ តែឃើញសមត្ថកិច្ចភ្លាមក្រុមក្មេងទំនើងមួយក្រុមក៏បានឡើងជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះកម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបំរុងនិងសុំធ្វើការឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់ស្លៀកពាក់ ស៊ីវិល ក្នុងដៃមានកាន់កាំភ្លើងខ្លី១ដើម ម៉ាក Lock ពណ៍ខ្មៅបានបាញ់ចំនួន១០គ្រាប់បណ្ដាលឲ្យត្រូវ១គ្រាប់ចំជើងខាងស្ដាំរបស់កម្លាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសាមុយដឹងយក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន១០គ្រាប់ ដកហូតអាវុធខ្លីម៉ាកLock១ដើមគ្រាប់មិនផ្ទុះ១គ្រាប់និងបានឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងយកទៅធ្វើការសាកសួរនិងបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕