Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

អ្នកសារព័ត៌មាន៨០អង្គ/នាក់នៅខេត្តស្វាយរៀង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ៖ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន

ស្វាយរៀង ៖ វគ្គបណ្ដុះបណ្ដាលស្តីពី៖ ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន ដល់អ្នកសារព័ត៌មាន រៀបចំឡើដោយមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្រោមកិច្ចគាំទ្រសម្របសម្រួលពីលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលការងារមន្ទីរព័ត៌មាន ខេត្តស្វាយរៀង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំរបស់មន្ទីរព័ត៌មាន ខេត្តស្វាយរៀង ដោយមានការអញ្ជើញធ្វើបទបង្ហាញពីសំណាក់ បណ្ឌិតសាស្ត្រាចារ្យ ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសាស្រ្តាចារ្យផ្នែកសារព័ត៌មាន។

ក្នុងនោះអ្នកសារព័ត៌មាន ប្រមាណ៨០ អង្គ/នាក់ មកពីបណ្តាអង្គភាពនានា ក្នុងខេត្តស្វាយរៀង បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍ ពីការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន អោយបានល្អ ។

លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជម្រាបជូន ពីស្ថានភាពទូទៅរបស់មន្ទីរព័ត៌មាន និងចំនួនអង្គភាពសារព័ត៌មាន ដែលកំពុងដំណើរការនៅក្នុងខេត្ត មានស្ថានីយ៍វិទ្យុជាតិ និងឯកជន ផ្សាយផ្ទាល់ចំនួន ៦ និងផ្សាយបន្ត ៤ស្ថានីយ, ស្ថានីយទូរទស្សន៍ចំនួន ១០ស្ថានីយ, ស្ថានីយ ទូរទស្សន៍ខ្សែកាប្តិ៍ចំនួន ៣, កាសែតចំនួន ៣អង្គភាព និងគេហទំព័រចំនួន ២២អង្គភាព។

បណ្ឌិតសាស្រ្តាចារ្យ ឆាយ សុផល ថ្លែងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់គឺ ដើម្បីឲ្យអ្នកសារព័ត៌មាន ទទួលបាននូវបទពិសោធន៍ ចំណេះដឹង និងជំនាញផ្នែកសារព័ត៌មានពិតប្រាកដ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៍ ហើយយល់ដឹងកាន់តែច្បាស់ពីការធ្វើ អត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់មុំសរសេរព័ត៌មាន បានត្រឹមត្រូវ។

ជាទីបញ្ចប់លោកបណ្ឌិត ឆាយ សុផល បានផ្ដាំផ្ញើឱ្យអ្នកសារព័ត៌មានត្រូវចេះស្រឡាញ់និងរួបរួមសាមគ្គីគ្នា៕