តុលាការខេត្តតាកែវ ផ្តន្ទាទោសឧកញ៉ា ឈិន សុង ដាក់គុក១ឆ្នាំ ក្នុងសំណុំរឿងញុះញង់ឱ្យមានការរើសអើងជនរងគ្រោះឈ្មោះ ជិត ប៉ុណ្ណារ៉ា និងសហគ្រាសអេឡិចទ្រីស៊ីធីអង្គរកា
(តាកែវ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តតាកែវ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទ ២នាក់ ដែលបានបង្ហោះហ្វេសប៊ុក និងប្រព្រឹត្តអំពើញុះញង់ឱ្យមានការរើសអើង ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះឈ្មោះ ជិត ប៉ុណ្ណារ៉ា និងសហគ្រាសអឡិចទ្រីស៊ីធីអង្គរកា។ នេះបើយោងតាមសាលក្រមលេខ១០៤ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលទើបបញ្ជាក់ចូលជាស្ថាពរកាលពីថ្ងៃទី០៨ ខែកមរា ឆ្នាំ២០២៤។
លោក គុជ តារ៉ា ជាចៅក្រមជំនុំជម្រះ បានសម្រេចចេញសាលក្រមផ្តន្ទាទោស លោកឧកញ៉ា ឈិន សុង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ជាអ្នកចែកចាយអគ្គិសនី រស់នៅភូមិត្រពាំងកៀត ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ដាក់ចូលជាថវិការដ្ឋចំនួន ៦លានរៀល ពីបទ ញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ ចៅក្រមជំនុំជម្រះ លោក គុជ តារ៉ា ក៏បានសម្រេចផ្តន្ទាទោសឈ្មោះ ជា សៀងហុក ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ កសិករ (ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក) រស់នៅភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយពិន័យជាប្រាក់ដាក់ចូលជាថវិការដ្ឋចំនួន ៥លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ យោងតាមមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ ផងដែរ។
ដើមចមដែលនាំឱ្យមានការប្ដឹងផ្ដល់ឈានដល់ការផ្តន្ទាទោសជនជាប់ចោទទាំង ២នាក់ខាងលើ គឺកាលពីអំឡុងខែមីនា ឆ្នាំ២០២៣ សហគ្រាសអឡិចទ្រីស៊ីធីអង្គរកា បានយកវិក្កយបត្រប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យទៅឈ្មោះ ជា សៀងហុក ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ស្ថិតនៅចំណុចភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្រើប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦,៩៥៨ គ.វ៉.ម និងការបូកបន្ថែមការរំលឹកថាមពលចំនួន ៥១,៨២៧ គ.វ៉.ម ដែលសរុបជាទឹកប្រាក់ចំនួន ១៣,៦៣៨.៦៣ដុល្លារ។
ក្រោយទទួលបានវិក្កយបត្រ ឈ្មោះ ជា សៀងហុក បានសុំទៅសហគ្រាសអឡិចទ្រីស៊ីធីអង្គរកា ដោយបង់ត្រឹម ៦,៥៣៨.៣៣ដុល្លារ ដោយសុំឱ្យលើកលែងការបូកបន្ថែមរំលឹកថាមពល ពេលនោះខាងសហគ្រាស យល់ព្រមតាមសំណើររបស់ឈ្មោះ ជា សៀងហុក។
មិនត្រឹមតែព្រមយកលុយទៅបង់ថ្លៃអគ្គិសនីជូនសហគ្រាសអឡិចទ្រីស៊ីធីអង្គរកា នោះទេ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ជា សៀងហុក ថែមបានបង្ហោះហ្វេសប៊ុកលើគណនីរបស់ខ្លួនដោយដាក់ខេបសិនថា៖ ខ្ញុំបាទជាកសិករចិញ្ចឹមជ្រូកនៅភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវអគ្គិសនីអង្គរកា បង្ខំឱ្យបង់ប្រាក់ដូចវិក្កយបត្រជាង១ម៉ឺនដុល្លារអាមេរិច បើមិនបង់ត្រូវគេផ្ដាច់ភ្លើងអាចឱ្យជ្រូករាប់ម៉ឺនក្បាលងាប់។ តើខ្ញុំត្រូវបង់ ឬយ៉ាងណា? សូមអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង។ បើខ្ញុំខុសគឺខ្ញុំបង់ តែខ្ញុំមិនខុស សូមអាជ្ញាធរពិនិត្យលើអគ្គិសនីអង្គរការបស់ឈ្មោះ ជិត ប៉ុណ្ណារ៉ា ផង។ ព្រោះកន្លងមកបង្កព្យុះភ្លៀងដាក់កសិករ និងប្រជាជនខ្លាំងណាស់។
ក្រោយមកឈ្មោះ ជា សៀងហុក បានពឹងពាក់ឱ្យឈ្មោះ ឈិន សុង រៀបចំពាក្យបណ្ដឹងប្ដឹងឈ្មោះ ជិត ប៉ុណ្ណារ៉ា និងសហគ្រាសអឡិចទ្រីស៊ីធីអង្គរកា ទៅកាន់អគ្គិសនីកម្ពុជា (EDC) ថែមទៀតផង។
ជាមួយគ្នានោះលោកឧកញ៉ា ឈិន សុង បានណែនាំ និងញុះញង់កុំឱ្យឈ្មោះ ជា សៀងហុក សម្របសម្រួល និងបង់ប្រាក់ថ្លៃអគ្គិសនី ទៅឱ្យសហគ្រាសអឡិចទ្រីស៊ីធីអង្គរកា។ ដោយលោកឧកញ៉ា ឈិន សុង បានប្រាប់ទៅឈ្មោះ ជា សៀងហុក ថា៖ រឿងភ្លើងហ្នឹង បើបងឯងអស់លុយ ១០០រៀលខ្មែរឱ្យពុះក្បាលខ្ញុំ។
ដោយសារតែរងគ្រោះម្ដងហើយម្ដងទៀតទើប ជនរងគ្រោះ សម្រេចដាក់ពាក្យប្ដឹងក្រុមជនជាប់ចោទទាំង ២នាក់ខាងលើ ទៅសាលាដំបូងខេត្តតាកែវ ដើម្បីឱ្យជួយរកយុត្តិធម៌។
ក្រោយពេលបើកការស៊ើបសួរ និងបើកសវនាការជំនុំជម្រះក្ដីជាសាធារណៈ តាមបណ្ដឹងរបស់ជនរងគ្រោះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានរកឃើញពីកំហុស និងសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឈិន សុង និងឈ្មោះ ជា សៀងហុក