ប្រជាពលរដ្ឋនៅកំពង់រោទិ៍ផ្ទុះការតវ៉ាគម្រោងស្ដារប្រឡាយរបស់រដ្ឋ បែជាយកអាចម៍ដីទៅលក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ
ខេត្ដស្វាយរៀង៖ ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ មួយកន្លែង ដើម្បីយកអាចម៍ដីទៅចាក់ធ្វើផ្លូវជួនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយទៅវិញ។
ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ពលរដ្ឋបានឲ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៍ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៍ដីប្រឡាយរដ្ឋទៅចាក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ។
ពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរកសិកម្មផ្សេងៗក៏ដូចជាមានការអភិវឌ្ឍផ្លូវ ប្រឡាយទឹក ស្ពាន ជាដើម ដើម្បីឲ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ តែផ្ទុយទៅវិញការស្ដារប្រឡាយរបស់រដ្ឋមួយខ្សែក្នុងភូមិរោទិ៍ ឃុំខ្សែត្រនេះ ដើម្បីយកអាចម៍ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរនោះ តែមិនដូច្នោះទេ បែរជាអាជ្ញាធរ បណ្ដោយឲ្យក្រុមរថយន្តដឹកដី ជីកយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយ ដោយមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ ពលរដ្ឋនាំគ្នាមានការងឿយឆ្ងល់ថា រឿងនេះតើអាជ្ញាធរ ភូមិ ឃុំ ស្រុក បានដឹងដែរឬទេ? ឬមួយដឹងហើយធ្វើជាមិនដឹងមិនលឺ បណ្ដោយឲ្យក្រុមហ៊ុនដឹកអាចម៍នេះកាយយកដីទៅលក់តាមតែអំពើចិត្តបែបនេះ!។
ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងប្រចាំខេត្តស្វាយរៀង មិនអាចទំនាក់ទំនងទៅលោកមេឃុំខ្សែត្របានទេ នៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២៤ នេះ។
ចំណែកឯលោក ឃុត គីម អភិលរងស្រុកកំពង់រោទិ៍ទទួលបន្ទុកកិច្ចការងារនេះ បានឲ្យដឹងថា លោកកំពុងតែចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋធ្វើការតវ៉ានេះហើយ លទ្ធផលយ៉ាងណានោះ មិនអាចប្រាប់បាននោះទេ រង់ចាំការសម្របសម្រួលចប់សិន។
ប្រជាពលរដ្ឋបានសំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង មេត្តាចាត់វិធានការចំពោះរថយន្តដឹកដីដែលជីកយកអាចម៍ដីប្រឡាយរបស់រដ្ឋ ថាយកទៅធ្វើផ្លូវជូនប្រជាពលរដ្ឋ បែរជាយកអាចម៍ដីទៅចាក់ឱ្យក្រុមហ៊ុនឯកជនយ៉ាងរលូនទៅវិញនេះផង ដើម្បីជាប្រយោជន៍រួមរបស់សហគមន៍ ក្នុងការប្រើប្រាស់ដីរដ្ឋឲ្យចំគោលដៅដែលប្រជាពលរដ្ឋចង់បាន៕