កូនប្រុសរបស់ជនរងគ្រោះអរគុណព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងខេត្តកណ្ដាលក្នុងការជួយសម្របសម្រួលបញ្ចប់វិវាទរបស់គ្រួសារខ្លួនក្រោមយន្តការឈ្នះឈ្នះ
(កណ្ដាល)៖ ទំព័រហ្វេសប៊ុកមួយឈ្មោះថា Armada Buys App កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានបង្ហោះសារអបអរសាទរ និងថ្លែងអំណរគុណ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួលបញ្ចប់វិវាទរបស់គ្រួសារពួកគាត់ក្រោមយន្តការឈ្នះឈ្នះទាំងអស់គ្នា។
ទំព័រហ្វេសប៊ុក Armada Buys App បានបង្ហោះសារថា៖ “ក្នុងនាមខ្ញុំបាទជាកូនរបស់ជនរងគ្រោះឈ្មោះ អ៊ុយ អាន អតីតគ្រូបង្រៀន សូមថ្លែងអំណរគុណចំពោះឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាខេត្តកណ្តាល លោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងខេត្តកណ្តាល និងលោក អាំង រតនា ក្រឡាបញ្ជីអយ្យការខេត្តកណ្តាល ព្រមទាំងលោកមេធាវីទាំងសងខាងដែលបានជួយសម្របសម្រួលបញ្ចប់វិវាទ ដោយប្រើយន្តការឈ្នះឈ្នះទាំងសងខាង។”
យោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ភាគី(ខ) មានឈ្មោះ ទូច សេងហួ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានយល់ព្រមសងជំងឺចិត្ត និងថ្លៃព្យាបាល ចំនួន ៧,៥០០ដុល្លារ ជូន ទៅភាគី(ក)ឈ្មោះ អ៊ុយ អាន ភេទប្រុស អាយុ ៧៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដើម្បីបញ្ចប់រឿង។
ចំណែកភាគី(ក) ជាជនរងគ្រោះ យល់ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងភាគី(ខ)ដែលជាជនបង្ក ដោយសន្យាថា ភាគីទាំងសងខាងនឹងមិនមានការគុំគួនគ្នា និងប្ដឹងផ្ដល់គ្នាក្នុងសំណុំរឿងហិង្សានេះបន្ដទៀតឡើយ៕