ឆេះឃ្លាំងលក់រថយន្តឃ្លាំងលក់គ្រឿងបន្លាស់រថយន្តនិងផ្ទះប្រជាពលរដ្ឋខូចខាតគិតជាទឹកប្រាក់រាប់សិបម៉ឺនដុល្លា
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះឃ្លាំងលក់រថយន្ត ឃ្លាំងលក់គ្រឿង បន្លាស់រថយន្តនិងផ្ទះជាច្រើនខ្នងរយៈពេលជិត៥ម៉ោងទើបរលត់ជាស្ថាពរនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃដដែល
គួរបញ្ជាក់ថាហេតុការណ៍គ្រោះអគ្គីភ័យគួរឲ្យសោកស្ដាយនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចឃ្លាំងលក់រថយន្តនិងលក់គ្រឿងបន្លាស់រថយន្តនៅតាមបណ្តោយផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន ឃ្លាំងលក់រថយន្ត១ខ្នង ឆេះឡានអស់៤គ្រឿង ម៉ូតូ២គ្រឿង ។ ឃ្លាំងស្តុកលក់គ្រឿងបន្លាស់រថយន្ត (២ឃ្លាំង )ត្រូវបានឆាបឆេះទាំងស្រុង ផ្ទះល្វែង២ខ្នង (ថ្មក្រោម ឈើលើ ) និងផ្ទះឈើ២ខ្នង ដោយគ្មានរបួសគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សនោះទេ ។ សមត្ថកិច្ចបាន ប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យទាំងអស់ចំនួន៤៣គ្រឿង ។
ប្រភពបានបញ្ជាក់ថា អគ្គីភ័យនេះបានផ្តើមចេញ ពីឃ្លាំង រថយន្តយីហោ សោម ចន្ទថ្លា ( ទំហំប្រហែលទទឹង២០គុណ៣០ ) ឆេះខ្ទេចទាំងឃ្លាំងនិងរថយន្ត៤គ្រឿង រួចរាលដាលដល់ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត២ទៀត ទី១ យីហោជា សិនឡា( ទំហំទទឹង២០គុណ៣០ ) និងឃ្លាំងទី៣ (ទំហំទទឹង១០គុណ៣០ ) រួចរាលដល់ផ្ទះល្វែងជាបន្តបន្ទាប់ ។
រថយន្តដែលឆេះខ្ទេចនោះ មានរថយន្តឡង់គ្រីស័រ ៥៧០ , រថយន្តអូឌី , រថយន្តឡង់រ៉ូវើ និងរថយន្តបាឡែន ។
កម្មករឃ្លាំងបាននិយាយថា ដំបូងគេឃើញឆេះលើរបងឃ្លាំង គាត់ក៏បានទាញទុយោទឹកទៅបាញ់ តែបាញ់ពុំឈ្នះ ហើយភ្លើងក៏បានឆាបឆេះដល់កេះឡាំងដាក់គ្រឿងរថយន្ត ហើយឆាបឆ្លងដល់រថយន្តឆេះយ៉ាងខ្លាំងតែម្តង ។
គ្រោះអគ្គីភ័យខាងលើកនេះបើសរុបនៃការខូចខាតគិតជាទឹកប្រាក់គឺរាប់សិបម៉ឺនដុល្លាឯណ្ណោះ ៕