ថ្នាក់លើ បានហៅមន្ត្រីចរាចរណ៍កំពង់សិលា ករណីឃាត់រថយន្ត ហើយទារលុយ ៤៥០ដុល្លារ ទើបឲ្យត្រឡប់វិញ មកសាកសួរហើយ
ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានរៀបរាប់ថា កាលពី ម៉ោងប្រហែល១០ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿន ឆ្ពោះពីភ្នំពេញទៅកាន់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិច ដើម្បីចុះស្រាប់តែពេលនោះ មានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។
ស្រាប់តែមួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅ កំពង់សិលា ចំនួន៣នាក់ បានមកនាំរថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប ៥នាក់។
បុរសជាអ្នកបើកបររូបនេះ បន្តថា ៖ មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។ ក្រោយមកមន្ត្រីនគរបាលចរាចរណ៍បានទារលុយ ពីរូបគាត់ នូវទឹកប្រាក់ចំនួន ៥០០ដុល្លារ ដើម្បីជាថ្នូរមិនយកទោសពៃ និងឲ្យឆាប់បានត្រឡប់ទៅវិញ។ ពេលនោះតៃកុងឡានគ្មានលុយ ទើបសម្រេចចិត្តឲ្យក្រុមគ្រួសារ យកម៉ូតូទៅបញ្ចាំដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន។ ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលឲ្យចុះតម្លៃត្រឹម ៤៥០ដុល្លារ។ ប៉ុន្តែលុយដែលបានបង់ ឲ្យទៅមន្ត្រីចរាចរណ៍គឺពុំមានវិក័យប័ត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ)។
ករណីខាងលើនេះអង្គភាពសារព័ត៌មានយើង ពុំមានលេខទំនាក់ទំនងជាមួយប្រធានគោលដៅចរាចរណ៍កំពង់សិលាដើម្បីសុំការបំភ្លឺបាននោះទេ។ ខណៈនោះសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅកាន់លេខ ១៣៩៩ លេខសង្រ្គោះផ្លូវល្បឿនលឿន ដើម្បីផ្សារភ្ជាប់ទៅកាន់ប្រធានគោលដៅចរាចរណ៍កំពង់សិលា ប៉ុន្តែប្រធានគោលដៅចរាចរណ៍ បានលើកឡើងនិងផ្តៅផ្ញើពាក្យតាមមន្ត្រីសង្គ្រោះបន្ទាន់ផ្លូវល្បឿនលឿន ថាបើចង់បំភ្លឺព័ត៌មាន ត្រូវតែឲ្យសារព័ត៌មានទៅបំភ្លឺដល់ប៉ុស្តិ៍គោលដៅ មិនអាចបំភ្លឺតាមទូរស័ព្ទបានទេ។
ទោះបីជាយ៉ាងណា ករណីនេះ បុរសដែលជាតៃកុងរថយន្ត បានសំណូមពរដល់ប្រធានគោលដៅចរាចរណ៍ កំពង់សិលា ដែលបានយកលុយពីគាត់ចំនួន ៤៥០ដុល្លារ មេត្តាជួយផ្តល់លុយខ្លះឲ្យមករូបគាត់វិញ និងសូមសំណូមពរទៅកាន់តៃកុងរថយន្តផ្សេងទៀត សូមបើកបរគោរពតាមចរាចរណ៍ទាំងអស់គ្នា។
ពាក់ព័ន្ធករណីខាងលើនេះ លោក ហេង សុវណ្ណ បានអោយដឹងតាមរយៈទូរស័ព្ទថា ចំពោះបញ្ហានេះ លោកបានទទួលហើយ និងបានសួរទៅខាងគោលដៅរួចហើយ គឺមានការយល់ច្រឡំគ្នា និងបានហៅភាគីម្ចាស់រថយន្ត ចូលទៅស្រាយបំភ្លឺឡើងវិញ។
ដោយឡែក លោក ហេង ចាន់ធារី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ចរាចរណ៍ក្រសួងមហាផ្ទៃ បានអោយថា លោកបានដកកំលាំង ដែលប្រចាំនៅគោលដៅ ខាងលើ មកកាន់នាយកដ្ឋាន កំពុងសាកសួរហើយ៕