Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤


————————————————-
ថ្លែងទៅកាន់អង្គពិធី សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។

សម្តេចបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។

សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប (សរុបសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៤៨៧រូប) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ (សរុបសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥២រូប) និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប (សរុបអនុប្រធានចំនួន ៨រូប) ៕