រថយន្តដឹកសំរាមបុកស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់ស្រាល
ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិង កន្លែងកើតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលពួកគេជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកសំរាមបើកបុកចំ ពីក្រោយពេញទំហឹងរួចកិនបន្ថែមទៀត
ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ឋត់នេះបានកើតឡើង នៅវេលាម៉ោង៦និង៤០ នាទីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះបង្គោលគីឡូ២០៥និង២០៦ ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ ខេត្តនិងក្រុងព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ នេន វិជ្ជា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តនិងក្រុងព្រះសីហនុ។
ចំណែក២នាក់ទៀតបានរងបួសធ្ងន់និងស្រាលត្រូវបានគេបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំង៣នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿងឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ទិស ដៅចូលទៅក្រុងព្រះសីហនុ ខណៈ មកដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តដឹកសំរាមបើកមកក្រោយបុកពេញទំហឹងរួចកិនបណ្ដាលឲ្យស្លាប់បុរសម្នាក់និង២នាក់ទៀតរបួសធ្ងន់និងស្រាលគេបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកអ្នក បើករថយន្តបង្ករត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ជនរងគ្រោះឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់រងចាំការដោះស្រាយពេលក្រោយតាមនិតិវិធីច្បាប់ ៕