Tuesday, December 3, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ, ទី៣៖ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ដ, ទី៤៖ឈ្មោះ ចេង រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករ និងទី៥៖ឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញ លក់ឡាន។

វត្ថុតាងដកហូត រថយន្ដ ម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០, រថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២ និងឯកសារមិនប្រក្រតីមួយ។

បច្ចុប្បន្ន ជនសង្ស័យខាងលេី និងវត្ថុតាងបានកសាង សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕