អាណាព្យាលសិស្ស អំពាវនាវឱ្យក្រសួងអប់រំ ជួយដោះស្រាយរឿងការបិទសាលារៀនខេម អាយ អេ
អាណាព្យាលមួយចំនួន បានផ្តិតមេដាយដាក់ញ្ញត្តិទាមទារទៅការិយាល័យអប់រំខណ្ឌពោធិ៍សែនជ័យ និងអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរឿងការបិទសាលារៀន ខេម អាយ អេ (បង្ហាញឯកសារផ្ដិតមេដាយរបស់អាណាព្យាបាល) ដែលមានទីតាំងឋិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលលោក លន់ ភារិន ជាម្ចាស់សាលា និងជានាយកប្រតិបត្តិ នៃសាលារៀន ខេម អាយ អេ។
សូមបញ្ជាក់ថា អាណាព្យាបាលសិស្សជាច្រើននាក់ទើបតែបានបង់ថ្លៃសិក្សា ថ្លៃរថយន្ត ថ្លៃអាហារ និងការស្នាក់នៅរយៈពេល ៣ខែ ៦ខែ និងអ្នកខ្លះទៀតបានបង់រយៈពេល១ឆ្នាំពេញក្នុងឆ្នាំសិក្សា ២០២៤ – ២០២៥។ ហើយបន្ទាប់មកសាលារៀននេះបានបិទទ្វារកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយពុំមានការជូនដំណឹងជាមុន។ មកដល់ពេលនេះលោក លន់ ភារិន ដែលជាម្ចាស់សាលាពុំបានចេញមុខដោះស្រាយ និងសងថវិកាតាមការទាមទាររបស់អាណាព្យាបាលនៅឡើយទេ។ ពួកគាត់ភាគច្រើនកំពុងត្រូវការថវិកាត្រឡប់មកវិញដើម្បីបង់ថ្លៃសិក្សានៅសាលាថ្មីសម្រាប់កូនៗ របស់ពួកគាត់។
ពាក់ព័ន្ធនឹងការបិទសាលារៀនខាងលើនេះដែរ មានបុគ្គលិកជាច្រើននាក់ដែលមិនទាន់បានបើកប្រាក់បៀរវត្សន៍ប្រចាំខែតុលា និងពាក់កណ្តាលនៃខែវិច្ឆិកា នៅឡើយទេ ហើយពួកគាត់ក៏បានផ្ដិតមេដាយទាមទារប្រាក់បៀវត្សន៍ និងការដោះស្រាយពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ២០២៤ (បង្ហាញខ្លឹមសារផ្តិតមេដាយ និងឯកសារកោះហៅរបស់ក្រសួងការងារ)។
ក្រោយទទួលបានស្នាមមេដាយ និងពាក្យស្មើសុំរបស់បុគ្គលិក ក្រសួងការងារបានកោះអញ្ជើញបុគ្គលិក និងតំណាងម្ចាស់ក្រុមហ៊ុនមកដោះស្រាយ តែរហូតមកដល់ពេលនេះបុគ្គលិក នៅមិនទាន់ទទួលបានប្រាក់ខែគ្រប់គ្រាន់តាមកិច្ចសន្យានៅឡើយទេ។
បន្ថែមលើនេះផងដែរ មានការលេចឮព័ត៌មានដែលថា ដើមឆ្នាំ២០២២ លោក លន់ ភារិន បានគៀងគរម្ចាស់ភាគហ៊ុនជាច្រើនអោយបណ្តាក់ទុន រាប់សិបម៉ឺនដុល្លា ដោយប្រើកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុន ខេមអ៊ីននឹវ៉េហ្សិនគ្រុប ខូអិលធិឌី ប៉ុន្តែមិនបានចុះបញ្ជីស្របតាមច្បាប់ត្រឹមត្រូវ ដោយយកហេតុផលថា ត្រូវការមានក្រុមហ៊ុនចំនួន៣ ក្រោមក្រុមហ៊ុននេះ ទើបអាចចុះបញ្ជីពាណិជ្ជកម្មបាន (បង្ហាញកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនដោយមិនបង្ហាញឈ្មោះសមាជិក) ។ ប៉ុន្តែដើមឆ្នាំ២០២៣ លោក លន់ ភារិន បានយកដើមទុន ដែលបានបណ្តាក់ទុនដោយម្ចាស់ភាគហ៊ុននានា របស់ក្រុមហ៊ុនខាងលើនោះទៅបង្កើតក្រុមហ៊ុន ខេម អាយ អេ ជាកម្មសិទ្ធិផ្ទាល់ខ្លួនម្នាក់ឯងទៅវិញ ដែលទង្វើនេះដោយរំលោភសេចក្តីទុកចិត្តរបស់ម្ចាស់ភាគហ៊ុន (បង្ហាញបណ្ណប៉ាតង់ និងអាជ្ញាបណ្ណក្រសួងពាណិជ្ជកម្ម) ហើយលោក លន់ ភារិន តែងព្យាយាមបោកបញ្ឆោត និងគាបសង្កត់ឱ្យម្ចាស់ភាគហ៊ុនដាក់ទុនបន្ថែមជាបន្តបន្ទាប់ក្រោមលេសថា ក្រុមហ៊ុនមិនចំណេញ ត្រូវការទុនបន្ថែមជាបន្ទាន់ ដោយមិនមានរបាយការណ៍ហិរញ្ញវត្ថុ ចំណូល ចំណាយ ចំណេញ ខាត ទាល់តែសោះ បើទោះបីជាមានការស្នើសុំបង្ហាញរបាយការណ៍ហិរញ្ញវត្ថុជាច្រើនលើកច្រើនសារពីម្ចាស់ភាគហ៊ុននានាក៏ដោយ។ ហើយក្នុងករណីដែលម្ចាស់ភាគហ៊ុនណាមិនដាក់ប្រាក់បន្ថែមម្ចាស់ភាគហ៊ុននោះនឹងត្រូវបានបង្កកដើមទុនភាគហ៊ុនដែលបានដាក់ពីមុនមក។ បញ្ហានេះបានបណ្ដាលឱ្យម្ចាស់ភាគហ៊ុនមានការសង្ស័យ ហើយស្វែងរកឃើញឯកសារភស្តុតាងជាក់លាក់ជាច្រើន ថែមទាំងរកឃើញឯកសារដែលលោក លន់ ភារិន មានជាប់ពាក់ព័ន្ធនឹងសាលារៀនថ្មីមួយទៀត ដោយមានងារជាថ្នាក់ដឹកនាំសាលារៀន កាណាដា អន្តរជាតិ កម្ពុជា (Canadian International Academy Cambodia, CIAC) មានទីតាំងស្ថិតនៅផ្ទះលេខ ០៩ ផ្លូវ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បង្ហាញផេកសាលា រូបថតសាលា និងព័តមានកិច្ចសន្យាទិញសាលាថ្មី) ដោយមិនឱ្យម្ចាស់ភាគហ៊ុនបានដឹង និងល្មើលលក្ខន្តិកៈផ្ទៃក្នងនៃកិច្ចសន្យាភាគហ៊ុន។
នាពេលបច្ចុប្បន្ន បុគ្គល លន់ ភារិន និងបក្សពួក (ឈុំ ស៊ីវម៉េង និងទី ផេង) កំពុងតែមានវិវាទជាមួយម្ចាស់ភាគហ៊ុន ហើយមិនព្រមធ្វើការដោះស្រាយដោយសន្តិវិធី បើទោះបីមានការសម្របសម្រួលជាច្រើនដងក៏ដោយ។ ក្នុងករណីវិវាទនេះ ជនរងគ្រោះ ដែលជាម្ចាស់ភាគហ៊ុនបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយប្តឹងបុគ្គល លន់ ភារិន និងបក្សពួក (ឈុំ ស៊ីវម៉េង និង ទី ផេង) ដោយផ្អែកលើភស្តុតាង ដើម្បីអោយប្រព័ន្ធច្បាប់ស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
មកដល់ពេលនេះ លោក លន់ ភារិន និងឈុំ ស៊ីវម៉េង មិនអាចសុំការស្រាយបំភ្លឺបានទេ ដោយប្រព័ន្ធទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ហើយប្រព័ន្ធតេឡេក្រាមរបស់លោកមិនដំណើរការអស់រយៈពេលជាង១ខែហើយ។