ពលរដ្ឋមួយគ្រួសាររស់នៅខេត្តព្រះវិហាពុលផ្សិតគីង្គក់
ព្រះវិហារ៖ បងប្អូនប្រជាពលរដ្ឋមួយគ្រួសារមានសមាជិក ចំនួន៦នាក់ បានពុលក្អួតចង្អោរទាំងអស់គ្នា បន្ទាត់ពីបានបរិភោកផ្សិតក្ងោក ដែលរកបានពីក្នុងព្រៃ ហើយត្រូវបានអ្នកជិតខាងបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
យោងតាមប្រភពពី លោក វិជ្ជបណ្ឌិត សុខ វាសនា ប្រធានមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសាររងគ្រោះខាងលើ បានចំអិនផ្សិតក្ងោក ដែលរកបានពីក្នុងព្រៃ យកមកបរិភោគជុំគ្នា ក្រោយពីបរិភោគ បានរយៈពេលប្រហែល១ម៉ោង ស្រាប់តែមានអាការៈវិលមុខ និងក្អួតចង្អោរទាំងអស់គ្នា ឃើញអាការៈបែបនេះប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បាន បញ្ជូនមកសង្រ្គោះនៅមណ្ឌលសុខភាពសែនជ័យ។
លោក បានបន្តថា ក្នុងចំណោមសមាជិកគ្រួសារទាំង៦នាក់ ដែលពុលផ្សិតនោះគឺមានម្នាក់ដែលពុលខ្លាំងជាង ប៉ុន្តែក្រោយពីការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ សមាជិកគ្រួសាររងគ្រោះទាំងនោះ មានអាការៈធូរស្រាល វិញហើយ។លោកបន្ថែមថា ផ្អែកតាមការសាកសួរក្រុមគ្រួសាររងគ្រោះ បាននិយាយថា ពួកគាត់មិនបានហូបអ្វីក្រៅពីផ្សិតនេះឡើយ ហើយផ្សិតដែលពួកគាត់ហូបនោះឈ្មោះថាផ្សិតគីង្គក់។ យោងតាមករណីនេះហើយ ទើបមន្ទីរជំនាញធ្វើការសន្និដ្ឋានថា ពួកគាត់គឺពុលផ្សិតពិតប្រាកដមែន ហើយលោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអំពីសុខភាព ហូបអារហារឬហូបទឹកត្រូវមានការប្រុងប្រយ័ត្ន ត្រូវធ្វើអារហារឱ្យឆ្អិនល្អនិងទឹកដាំឲ្យឆ្អិនល្អ មុននិងហូប អ្វីដែលស្គាល់មិនច្បាស់សូមកុំហូប ជាពិសេសផ្សិត និងស្រាស៕