សមត្ថកិច្ចចំរុះក្រុងខេមរភូមិន្ទចុះបង្ក្រាបទីតាំងជល់មាន់តាមអនឡាញ
ខេត្តកោះកុង៖ នៅវេលាម៉ោង១៧.៤០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលក្រុងខេមរភូមិន្ទបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំផ្ទាល់ដោយលោក ហេង លាង អធិការក្រុង បានចុះធ្វើការបង្រ្កាបទីតាំងល្បែងប្រជល់មាន់ខុសច្បាប់តាមអនឡាញមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានឃាត់ម៉ូតូចំនួន១៣គ្រឿង ទូរទស្សន៍១គ្រឿង កំព្យូទ័រ១គ្រឿង។
ជុំវិញករណីនៃការបង្រ្កាបខាងលើ លោក ហេង លាង អធិការកក្រុងខេមរភូមិន្ទនៅពុំទាន់បានផ្តល់ពត៍មានណាមួយអោយបានច្បាស់នៅឡើយទេដោយលោកបានប្រាប់ថាគិតមកដល់ថ្មើរនេះនៅពុំទាន់មានម្ចាស់ម៉ូតូណាម្នាក់ចូលខ្លួនមកដោះស្រាយនៅឡើយនោះទេ ហើយលោកក៏មិនទាន់រកឃើញភស្តុតាងណាមួយសម្រាប់ដាក់បន្ទុកលើម្ចាស់ទីតាំងបាននៅឡើយដែរ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕