ចាប់បានហើយឃាតកចិត្តព្រៃផ្សៃសម្លាប់ក្មេងស្រី ២នាក់នៅស្រុកបរិបូរណ៍
កំពង់ឆ្នាំង៖ សមត្ថកិច្ច ចាប់បាននិងនាំខ្លួនឃាតកដៃឆៅ សម្លាប់ក្មេងស្រី២នាក់បងប្អូននៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មកធ្វើត្រាប់ពីសកម្មភាពរំលោភសម្លាប់ឡើងវិញ កាលពីរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះកន្លែងហេតុ ស្ថិតនៅភូមិថ្មីឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ៖ ក្រោយពេល ឃាត់ខ្លួនបាននិងធ្វើការសួរនាំអត់រយៈពេល២ថ្ងៃ ។
ក្មេងស្រីជនរងគ្រោះទាំង២នាក់បងប្អូន ទី១៖ ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ ឈ្មោះ អ.ធ.ត អាយុ ៧ឆ្នាំ។ ដោយជនសង្ស័យមានឈ្មោះ ឆុំ ពយ គឺជាអ្នក ជិតខាងក្មេងស្រីរងគ្រោះ។
សមត្ថកិច្ចបានអោយដឹងថា ការសម្លាប់ក្មេងស្រីទាំង២ នាក់ កើតឡើងពីករណីរំលោភ ហើយសម្លាប់ សមត្ថកិច្ចបានបន្ថែមថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបាន ឃើញ និងស្រែក ហើយដោយ សារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់បងប្អូនភ្លាមៗតែម្ដង ។ ខណៈដែលឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ ។
សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រោយមាន អំពើឃាតកម្មនេះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំ ។
លោកបន្តថា ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារ ភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។
បើតាមសម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ជា ធម្មតាក្មេងស្រីទាំងពីរ ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យស៊ីស្មៅជាធម្មតា ចំឡែកតែព្រឹកថ្ងៃកើតហេតុ មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននាំ គ្នា ដើររកគ្រប់ទីកន្លែងតែរកមិនឃើញ។ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូរបស់ជនរងគ្រោះបានឡើងលើផ្ទះជនរងគ្រោះ និងបានបើកកេសមើល ក៏ ប្រទះឃើញសពក្មេងស្រីទាំងពីរដេកស្លាប់នៅក្នុងកេសនោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតកសម្លាប់ និងយកទៅដាក់ក្នុងកេសដាក់ខោអាវពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ច្បាប់ ៕