ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់បន្ទាប់ពីបង្កគ្រោះចរាចរណ៍ដកកាំភ្លើងខ្លីវៃក្បាលជនរងគ្រោះហូរឈាមពេញមុខ
ភ្នំពេញ ៖ មន្ត្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូបុកគេហើយដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញមុខ ហើយព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ ៖ ហេតុការណ៍ នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃ២៣ខែតុលាឆ្នាំ២០១៨ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ត្រង់ចំណុចស្ពានអាកាស៧មករាស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនបង្ក ដែលគេ ស្គាល់ថាជានគរបាលប្រធានផ្នែកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៦) បានជិះម៉ូតូមួយគ្រឿងម៉ាកHonda PCX ពាក់ស្លាកលេខភ្នំពេញ1FY-7117 ពណ៌ខ្មៅធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកHonda dream សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-3685ជាមួយជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូជនបង្កPCX បានគៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់បែកកាបាំងមួយចំហៀង បន្ទាប់មកជនបង្កមិនបានឈប់ដោះស្រាយគ្នានោះទេ ដោយបានបន្ថែមល្បឿនបើក រត់គេចទៅមុខ ចំណែកជនរងគ្រោះវិញបានលើកម៉ូតូជិះដេញតាមរហូតមកដល់ការ៉ាស់សាំងតេលាក្បែរមន្ទីរពេទ្យអរុណរះតាមបណ្ដោយផ្លូវ២៧១ជនរងគ្រោះបានតាមទាន់ហើយបានប្រទួសសារាយគ្នាបង្កជាហិង្សាដកកាំភ្លើងខ្លីមកវាយលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលហូរឈាមពេញមុខ។
ក្រោយពីបង្កហិង្សារួចជនបង្កបានឲ្យលុយទៅជនរងគ្រោះចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿង រួចបាន បន្តដំណើរទៅចូលផ្ទះមួយកន្លែងនៅចំណុចបូរីសឡាតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌ សែនសុខ ស្រាប់តែផ្អើលដល់កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយផ្ទាល់ពីលោក ហួរ ម៉ែងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខចុះមកអន្តរាគមន៍ដល់ផ្ទះនិងឃាត់ខ្លួនជនបង្កនិងដកហូតបានអាវុធខ្លីមួយដើមភ្លាមៗផងដែរ។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនបង្កនិងជនរងគ្រោះមកអធិការដ្ឋាននរបាលខណ្ឌសែនសុខ ដើម្បីសាកសួរចាត់ការបន្ត ៕