Friday, November 22, 2024
Latest:
នយោបាយព័ត៌មាន​ជាតិ

រដ្ឋបាលខេត្តរតនគិរីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ ‘ រួមគ្នាដើម្បីបរិស្ថានស្អាត ‘

រតនគិរី៖​ ដើម្បីធានានូវគុណភាពបរិស្ថានសោភ័ណ្ឌភាពទីប្រជុំជន និងសុខភាពសាធារណៈចាំ បាច់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំណល់រឹងអោយបានត្រឹមត្រូវ ដោយ ត្រូវវេចខ្ចប់ និងញែកតាមប្រភេទដូចជា សំណល់អាចកែច្នៃបានអោយមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលានចាក់សំរាម ‘ ។
នេះជាប្រសាសន៍របស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ថ្លែងក្នុងពិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ រួមគ្នាដើម្បីបរិស្ថានស្អាត ដែលរដ្ឋបាលខេត្តបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង ១០០០ នាក់ ឯកឧត្តមអភិបាលខេត្តបានបង្កត់ធ្ងន់ថា ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលបំណង ចលនាអោយប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុដ មន្រ្តីរាជការគ្រប់លំដាប់ សិស្ស និស្សិតគ្រប់ភូមិសិក្សា និងប្រជាពលរដ្ឋចូលរួមធ្វើអនាម័យសម្អាតទីក្រុង ទីប្រជុំជន សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានស្អាតនិងស្រស់បំព្រង ។

ឯកឧត្តមបាន ជម្រុញអោយមហាជនទូទៅ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងបន្ថែមទៀតពី ស្ថានធ្ងន់ធ្ងរនៃសំរាមដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងខេត្តរតនគិរី ជាពិសេស ត្រូវលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់ គ្រប់គ្រង ការវេចខ្ចប់ ការញែកសំណល់សំរាម ក៏ដូចជាផលប៉ះពាល់ជាវិជ្ជមានផ្សេងៗ ដែលបណ្តាលមកពីកាក សំណល់ ទឹកកខ្វក់ សំរាមប្លាស្ទិក និងសំណល់គ្រោះថ្នាកើផ្សេងៗ ដែលវាធ្វើអោយមាន ផលប៉ះពាល់ដ៏យូរអង្វែងដល់បរិស្ថាន ។

ឯកឧត្តម ថង សាវុន ក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុង ក្រុងបានលុងត្រូវមានស្មារតី ម្ចាស់ការក្នុងការធ្វើអនាម័យ និងសំអាតតាមគេហដ្ឋានរៀងៗ ខ្លួនព្រមទាំងយកចិត្តក្នុងការគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ ដើម្បីអោយទីក្រុងបានលុង មានបរិស្ថានស្អាត មានភាពបៃតងស្រស់ អោយស្របទៅនិងប្រធានបទ រួមគ្នាដើម្បី បរិស្ថានស្អាត និងទិសស្លោក ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ហើយតាមរយៈនៃ ទិវាអនាម័យបរិស្ថានជាតិនាពេលនេះនិងប្រែក្លាយទៅជាសកម្មភាពអោយយើងទាំងអស់ គ្នាបានយល់ដឹងពីករណីកិច្ចរបស់ខ្លួនចំពោះបរិស្ថាន និងត្រូវចាត់ទុកបញ្ហាបរិស្ថាន ជាបញ្ហារួមរបស់យើងទាំងអស់គ្នាដើម្បីជម្រុញឆន្ទៈរបស់ខ្លួនដើម្បីបុព្វហេតុបរិស្ថានជាតិ។

សូមបញ្ជាក់ថា ក្នុងទិវាអនាម័យបរិស្ថានជាតិដែលរដ្ឋបាលខេត្តប្រារព្វធ្វើឡើង នាពេលនេះគឺមានការបែងចែកជាក្រុមរើសសំរាមតាមគោលដៅដងផ្លូវសំខាន់ៗក្នុងទីក្រុង បានលុងផងដែរ ៕